ក្រុមហ៊ុនយក្ស Apple របស់អាមេរិកប្រកាសឱ្យបុគ្គលិកត្រលប់ទៅការិយាល័យធ្វើការវិញនៅខែកញ្ញាខាងមុខ

ដោយៈ សុខុម

ញូវយ៉ក: ក្រុមហ៊ុនបច្ចេកវិទ្យាយក្សApple របស់សហរដ្ឋអាមេរិក បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃពុធ ទី២ មិថុនា ប្រកាសឱ្យបុគ្គលិករបស់ខ្លួនត្រលប់ទៅការិយាល័យធ្វើការវិញនៅត្រឹមខែកញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

នៅក្នុងលិខិតជូនដំណឹងខាងលើ លោកTim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបញ្ជាក់ថា បុគ្គលិកត្រូវត្រលប់ទៅការិយាល័យធ្វើការវិញ យ៉ាងតិច៣ថ្ងៃក្នុងមួយសប្ដាហ៍។ បុគ្គលិកខ្លះ អាចជ្រើសរើសធ្វើការ៣ថ្ងៃនៅការិយាល័យ និង២ថ្ងៃទៀតធ្វើការពីផ្ទះ ប៉ុន្តែក្រុមការងារដែលចាំបាច់ ត្រូវត្រលប់ទៅការិយាល័យធ្វើការវិញ ត្រូវចូលធ្វើការ៤ឬ៥ថ្ងៃក្នុងមួយសប្ដាហ៍។

ទន្ទឹមនេះក្រុមហ៊ុនក៏បានប្រាប់បុគ្គលិកដែរថា ពួកគេអាចដាក់ពាក្យស្នើសុំធ្វើការពីផ្ទះបាន២សប្ដាហ៍ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា នាយកគ្រប់គ្រងចាំបាច់ត្រូវអនុម័តពាក្យស្នើសុំធ្វើការពីផ្ទះទាំងនោះជាមុនសិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្វីបើប្រឈមនឹងវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនយក្សមួយនេះ នៅតែទទួលបានកំណើនប្រាក់ចំណូលសរុបរហូតដល់ទៅ៥០% ដោយមួយភាគធំដោយសារការលក់ទូរស័ព្ទ iPhone មានសន្ទុះកើនឡើងខ្លាំង។

ចំណែកឯក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Facebook បានប្រកាសកាលពីឆ្នាំមុនថា បុគ្គលិករបស់ខ្លួនអាចធ្វើការពីផ្ទះ ពេញម៉ោងរយៈពេលវែងបាន នៅពេលពួកគេទទួលបានការអនុញ្ញាតពីនាយកគ្រប់គ្រងរបស់ខ្លួន។
ទន្ទឹមនេះ លោកJack Dorsey នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter ក៏បានប្រកាសគោលនយោបាយស្រដៀងគ្នា នឹងក្រុមហ៊ុន Facebook ដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានប្រកាសគោលនយោ​បាយស្រដៀងគ្នា នឹងក្រុមហ៊ុន Apple ដែរ ដោយតម្រូវឱ្យបុគ្គលិកភាគច្រើន ចូលធ្វើការនៅការិយាល័យវិញ ឱ្យបានយ៉ាងតិច៣ថ្ងៃក្នុងមួយសប្ដាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here