អង្គការ ILO: អត្រាបាត់បង់ការងារនៅតែស្ថិតក្នុងកម្រិតខ្ពស់ដោយសារការចាក់វ៉ាក់សាំងយឺតយ៉ាវ

ដោយៈសុខុម

អន្តរជាតិ: អង្គការអន្តរជាតិខាងការងារ (ILO) បានព្រមានកាលពីថ្ងៃពុធ ទី២ មិថុនាកន្លងមកថា យុទ្ធនាការចាក់វ៉ាក់សាំងយឺតជាងការរំពឹងទុក និងការផ្ទុះឡើងនូវវីរុសកូវីដ-១៩ បំប្លែងថ្មីនៅដើមឆ្នាំ២០២១ បានធ្វើឱ្យអត្រាបាត់បង់ការងារទូទាំងពិភពលោកនៅតែស្ថិតក្នុងកម្រិតខ្ពស់ក្នុងឆ្នាំនេះ និងបន្តចូលដល់ឆ្នាំ២០២២។
នេះបើយោងតាមសារព័ត៌មាន Aljazeera។

អង្គការ ILO បានលើកឡើងក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា កំណើនដ៏ទន់ខ្សោយ ក្នុងទីផ្សារការងារនឹងមិនអាចផ្តល់ឱកាសការងារគ្រប់គ្រាន់សម្រាប់អ្នក ដែលបានបាត់បង់ការងារអំឡុងពេល ដែលការឆ្លងរាតត្បាតកំពុងផ្ទុះខ្លាំងនោះឡើយ។

អត្រាបាត់បង់ការងារ នៅតែមានកម្រិតខ្ពស់ក្នុងឆ្នាំនេះ ដោយធ្វើឱ្យការងារដែលបាត់បង់អំឡុងវិបត្តិកូវីដ-១៩ ឈានដល់១០០លានកន្លែង។ តួលេខនេះគឺច្រើនជាងការងា​រ១០លានកន្លែងដែលអង្គការ ILO បានព្យាករកាលពីខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីសេដ្ឋកិច្ចនានាកំពុងតែងើបឡើងវិញជាបណ្ដើរៗ ពីវិបត្តិកូវីដ-១៩ ដោយសា​របណ្ដារដ្ឋាភិបាល បានចាត់វិធានការភ្លាមៗ ដើម្បីអនុម័តកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចដ៏ចាំបាច់យ៉ាងណាក្ដី ក៏អត្រាបាត់បង់ការងារនៅតែអាចស្ថិតក្នុងចំនួន៧៥លានកន្លែង ក្នុងឆ្នាំ២០២១ និងធ្លាក់ចុះមកនៅត្រឹម២៣លានកន្លែងក្នុងឆ្នាំ២០២២។

កាលពីក្នុងឆ្នាំ២០២០ ប្រាក់ចំណូលពលកម្មទូទាំងពិភពលោក មានចំនួន៣,៧ទ្រីលានដុល្លារ ឬតិចជាង៨,៣%បើធៀបទៅនឹងការព្យាករ មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ហើយប្រាក់ចំណូលនេះបានបន្តធ្លាក់ចុះ១,៣ទ្រីលានដុល្លារ ឬស្មើនឹង៥,៣%នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍ខាងលើបង្ហាញថា អាមេរិកឡាទីន តំបន់ការ៉ាអ៊ីព អឺរ៉ុប និងអាស៊ីកណ្តាល គឺជាតំបន់ដែលរងគ្រោះខ្លាំងធ្ងន់ធ្ងរជាងគេ ដោយតាមការប៉ាន់ប្រមា​ណថា ការបង់ការងារបានកើនលើស៨% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ និង៦%ក្នុងត្រីមាសទី២នេះ។

អង្គការ ILO បានព្រមានថា ស្ថានការណ៍នេះទំនងជាកាន់តែធ្ងន់ធ្ងរទៅៗ មុននឹងធូរស្រាលឡើងវិញ ដោយបានសង្កត់ធ្ងន់ថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅតែបន្តធ្វើឱ្យវិសមភាពកើនឡើង និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ រយៈពេលវែងទៅលើកម្មករនិយោជិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here