ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលស្វីស គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ៥២លានដុល្លារ សម្រាប់រយៈពេល៤ ឆ្នាំ២០២២-២០២៥ ដើម្បីគាំទ្រការអនុវត្តកម្មវិធីសហប្រតិបត្តិការថ្មីនេះនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការត្រៀមផ្តល់ជំនួយត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហ ប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference)។
យោងតាមប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា ចន្លោះឆ្នាំ២០០២-២០២០ ភាគីស្វីសបានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ១៤២លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោង អភិវឌ្ឍន៍នានានៅកម្ពុជា ។ តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ថ្មីនេះ ភាគីស្វីស គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ១៣៣លានហ្វ្រង់ស្វីស សមមូលនឹង ១៤៨ លានដុល្លារ ដោយបែងចែកជា ២កម្រិត គឺ កម្រិតប្រទេស(សម្រាប់កម្ពុជា និងឡាវ និងកម្រិតតំបន់។
ក្នុងនោះ ភាគីស្វីស គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ៥២លានដុល្លារ សម្រាប់រយៈពេល៤ ឆ្នាំ២០២២-២០២៥ ឬ ប្រមាណ១៣លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីគាំទ្រការអនុវត្តកម្មវិធីសហប្រតិបត្តិការថ្មីនេះនៅកម្ពុជា។
ចុងបញ្ចប់នៃកិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងភាពជាដៃគូ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមនាពេលអនាគត ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឈៀង យ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី អគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហព័ន្ធស្វីស និងប្រជាជនស្វីស ដែលបានបន្តរួមចំណែកយ៉ាងសំខាន់ក្នុង កិច្ចអភិវឌ្ឍន៍របស់កម្ពុជា៕