ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ គិតរហូតមកដល់ពេលនេះ ករណីឆ្លងរាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ សហគ្រាសសរុប ដែលស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កើនឡើងដល់ចំនួន១៧រោងចក្រ និងមានជាប់ពាក់ព័ន្ឋកម្មករ និយោជិត ប្រយោលសរុបប្រមាណជាង ៥០០នាក់។
លោកអភិបាលខណ្ឌមានជ័យ លោកពេជ្រ កែវមុនីបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ថា កន្លងមកគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែឧសភា អាជ្ញាធរខណ្ឌ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវរោងចក្រចំនួន៧រួចហើយ បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ១៩របស់កម្មករនិយោជិត។ ដោយឡែក រោងចក្រចំនួន១០ផ្សេងទៀត ដែលរកឃើញជាបន្តបន្ទាប់នេះ ភាគច្រើនស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣។
លោកបានបន្តថា “បច្ចុប្បន្ននេះ កម្មករ និយោជិត ដែលតេស្តវិជ្ជមានកូវីដ១៩ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ និងនៅតាមមន្ទីររដ្ឋនិងឯកជនផ្សេងទៀត”។ លោកបន្តថា “រីឯអ្នកដទៃផ្សេងទៀតដែលសង្ស័យជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ តម្រូវឲ្យយកសំណាក និងធ្វើចត្តាឡីស័ក (នៅដាច់ដោយឡែក) ដើម្បីតាមដានសុខភាពបន្តទៀត ចៀសវាងការកើតមាន ឬឆ្លងរាលដាលតទៀតទៅអ្នកដទៃ”។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា កម្មករទូទាំងប្រទេសទាំងអស់ កំពុងបំពេញការងារក៏ដូចជាការស្នាក់នៅគឺ សូមឲ្យអនុវត្តឲ្យបានចំពោះប្រសាសន៍ដឹកនាំ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ និងចូលរួមអនុវត្តន៍ ទៅតាមការណែនាំបន្ថែមទៀតពីអាជ្ញាធរមានសមត្ថកិច្ច គ្រប់ផ្នែកគ្រប់ថ្នាក់ទាំងអស់ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ ឬទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នេះចូលក្នុងគ្រួសាររបស់គាត់ និងសហគមន៍ទាំងមូលដែលគាត់នៅនេះ។
រោងចក្រទាំងអស់ដែលជាប់ពាក់ព័ន្ធកូវីដ១៩ ដែលមានសិទ្ធិបើកដំណើរការអាជីវកម្មវិញ បន្ទាប់ពីផ្អាកបណ្តោះអាសន្នរយៈពេល២ថ្ងៃ ដោយសារឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវរងចាំការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញរបស់អាជ្ញាធរដែនដី និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងរោងចក្រផ្ទាល់សិន ទើបអនុញ្ញាតឲ្យដំណើរការធម្មតាវិញបាន៕