NBCត្រៀមដាក់ចេញវិធានការនានាដើម្បីរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចកម្ពុជា

ដោយៈ ប៊ី
ភ្នំពេញៈ ស្របតាមគោលនរយោបាយរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បន្តតាមដានជាប្រចាំនូវការវិវត្តថ្មីៗ និងត្រៀមខ្លួនដាក់ចេញវិធានការតាមការចាំបាច់ ដើម្បីបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស NBC កាលពីដើមខែមិថុនា ឆ្នាំ២០២១នេះ។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ឆ្នាំ២០២០ គឺជាឆ្នាំប្រកបដោយបញ្ហាប្រឈម ដោយការរីករាលដាលនៃជំងឺកូវីដ-១៩បានជះឥទ្ធិពលដល់សេដ្ឋកិច្ចនិងទីផ្សារហិរញ្ញវត្ថុពិភពលោក។ ដូចនឹងប្រទេសដទៃទៀតដែរ ប្រទេសកម្ពុជាត្រូវបានប៉ះពាល់ខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនអវិជ្ជមាន បន្ទាប់ពីសម្រេចបានកំណើនជាមធ្យមក្នុងរង្វង់ ៨ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងទៀតថា ទោះបីជាមានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ វិស័យធនាគារនៅកម្ពុជាបន្តមានភាពធន់ ដោយសារការដាក់ចេញនូវវិធានការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នបុរេសកម្ម និងមានប្រសិទ្ធភាព។

ក្នុងស្ថានភាពមិនច្បាស់លាស់នេះដែរ ធនាគារជាតិនៃកម្ពុជាបន្តតាមដានជាប្រចាំនូវការវិវត្តថ្មីៗ និងត្រៀមខ្លួនដាក់ចេញវិធានការតាមការចាំបាច់ ដើម្បីបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនរយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយសៀវភៅរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលបង្ហាញពីការអភិវឌ្ឍនាពេលថ្មីៗ នៅក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ ព្រមទាំងបញ្ហាប្រឈម។

លើសពីនេះ សៀវភៅនេះពិភាក្សាអំពីទស្សនវិស័យ និងហានិភ័យនាពេលអនាគត ដែលវិស័យហិរញ្ញវត្ថុនឹងជួបប្រទះ ក្នុងអំឡុងពេលដែលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក្នុងស្រុក ក្នុងតំបន់ និងពិភពលោក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

សៀវភៅនេះក៏នឹងត្រូវបានប្រើប្រាស់ជាឯកសារយោង សម្រាប់បុគ្គលបម្រើការនៅក្នុងវិស័យហិរញ្ញវត្ថុ បញ្ញាវ័ន្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here