ឧកញ៉ាគួច ម៉េងលីៈ អ្នកក្រកាន់តែក្របើមិនមានច្បាប់ការពារអតិផរណាប្រាក់ខែសមរម្យ

ដោយៈលក្ខិណា

ភ្នំពេញៈ លោកឧកញ៉ាគួច ម៉េងលី ដែលជាគេដឹងថាជាអ្នកអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សម្នាក់ដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា បើសិនជាមិនមានច្បាប់ការពារ អ្នកដែលធ្វើការថ្នាក់ទាបៗឱ្យមានប្រាក់ខែសមស្រប ឬសមតុល្យនឹងអតិផរណាទេនោះ អ្នកក្រនឹងកាន់តែក្រថែមទៀត។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកឧកញ៉ាបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះហើយ កូនចៅអ្នកក្រីក្រមួយចំនួន មិនទាន់បានបញ្ចប់ការសិក្សា ឬសិក្សាបានត្រឹមពាក់កណ្ដាលវិទ្យាល័យផង ក៏បញ្ជូនគ្នាមកធ្វើការ ជាកូនគូលី ( កម្មករ ) នៅតាមផ្ទះ លក់ដូរ គ្រឿងសំណង់និងទំនិញនានា ដោយផ្ដល់ប្រាក់ខែឱ្យគ្នាតិចតួច មិនអាចចាយវាយគ្រប់គ្រាន់ក្នុងមួយខែ ឬប្រាក់ខែមិនសមនឹងអតិផរណា។

លោកឧកញ៉ាបន្តថា “នៅពេលពួកគេធំឡើង ពួកគេនឹងនៅតែរកការងារដែលមានប្រាក់ខែមិនសមនឹងអតិផរណា និងប្រើកំលាំងកាយធ្ងន់ៗ ធ្វើការក្នុងមួយថ្ងៃ១២ទៅ១៣ម៉ោង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នៅពេលដែលពួកគេមានប្រពន្ធមានកូន ពួកគេនឹងនៅតែទទួលបានប្រាក់ដដែល ហើយធ្វើការធ្ងន់ដដែល ដោយសារតែពួកគេមិនមានជំនាញ មិនបានចូលសាលារៀនសូត្រច្រើន”។

លោកឧកញ៉ាបានបន្តថា អ្នកក្រធ្វើការច្រើនម៉ោង និងធ្វើការធ្ងន់ជាងអ្នកធ្វើការក្នុងការិយាល័យ ដូច្នេះពួកគេនឹងមិនមានពេលវេលាទៅថែទាំប្រពន្ធកូន និងឱ្យកូនបានរៀនសូត្រជ្រៅជ្រះនោះឡើយ អនាគតពួកគេនឹងនៅតែក្រដដែល។

លោកឧកញ៉ាគួច ម៉េងលីបានបន្ថែមថា បើសិនជាប្រទេសមានច្បាប់ការពារអតិផរណាប្រាក់ខែសមរម្យ ពួកគេអាចនឹងទទួលបានប្រាក់ខែ សម្រាប់ចាយវាយគ្រប់គ្រាន់ប្រចាំខែ ហើយពួកគេក៏មានលទ្ធភាពឱ្យកូនសិក្សាបានច្រើន និងអាចរកការងារធ្វើសមសម្យជាងខ្លួន ពេលកូនៗរបស់ពួកគេធំឡើងទេ កូនអ្នកក្រនៅតែក្រហើយក្រលើសដើមពេលគេមានកូនចៅ។

លោកឧកញ៉ាបន្ថែមទៀតថា យើងទាំងអស់គ្នាគួរធ្វើយ៉ាងណា ជំរុញឱ្យពលរដ្ឋកាន់តែច្រើនទទួលបានការបណ្ដុះបណ្ដាល ទាំងចំណេះដឹង ជំនាញ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច ហើយពេលនោះ យើងនឹងអាចកាត់បន្ថយបាននូវ អត្រាភាពក្រីក្របានកាន់តែច្រើន ធ្វើឱ្យពលរដ្ឋមានលទ្ធភាពមានប្រាក់ខែ ចាយវាយសមនឹងអតិផរណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here