ប្រធានសមាគមៈ សកម្មភាពដឹកជញ្ជូនក្នុងស្រុកនិងឆ្លងដែនចាប់ផ្តើមមានសន្ទុះឡើងវិញ

ដោយៈ សាវុធ
ភ្នំពេញៈ អនុវិស័យដឹកជញ្ជូនក្នុងស្រុកចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ ខណៈរោងចក្រ សហគ្រាសមួយចំនួន បានងើបឡើងវិញ ជាពិសេសការអភិឌ្ឍន៍វិស័យកសិកម្ម ក៏កំពុងមានសន្ទុះរីកចម្រើន សម្រាប់បម្រើទីផ្សារនៃការនាំចេញផងដែរ។

ប្រធានសមាគមភស្តុភារកម្មកម្ពុជាលោកឧកញ៉ាស៊ិន ចន្ធី បានថ្លែងប្រាប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចបានគិតគូរដ៏ខ្ពង់ខ្ពស់អំពីបញ្ហាសុខភាព និងសេដ្ឋកិច្ច ជាក់ស្តែងនៅក្នុងរយៈពេលបិទខ្ទប់ ការចរាចរក្នុងវិស័យដឹកជញ្ជូននៅតែដំណើរការជាធម្មតា សម្រាប់បម្រើការដឹកជញ្ជូនក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា បន្តថា ក្រៅពីគោលការខាងលើ កម្ពុជាកំពុងជម្រុញអភិវឌ្ឍន៍វិស័យមួយចំនួនក្នុងស្រុក ជាក់ស្តែងការអភិវឌ្ឍន៍លើវិស័យកសិកម្ម ដែលបច្ចុប្បន្នវិស័យនេះបានកំពុងរីកចម្រើននៅក្នុងស្រុក ជាពិសេសផលិតផលសម្រាប់បម្រើទីផ្សារនាំចេញ។

លោកបានថ្លែងបន្តថា សន្ទុះនៃការដឹកជញ្ជូន បាននិងកំពុងកំរើកឡើងវិញជាបណ្តើរៗ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្មសម្រាប់នាំចេញ ក្រៅពីនេះសម្រាប់ការដឹកជញ្ជូនទំនិញនាំចូលមកកាន់ទីផ្សារក្នុងស្រុក ជាពិសេសវាយនភណ្ឌដែលបម្រើដល់វិស័យកាត់ដេរ និងទំនិញផ្សេងៗ បានកំពុងមានកំណើនសម្រាប់ទីផ្សារនាំចូល និងកំពុងមានកំណើនដល់វិស័យដឹកជញ្ជូនផងដែរ។

ចំពោះការដឹកជញ្ជូនឆ្លងដែន បើតាមរបាយការណ៍រយៈពេល៤ខែ ឆ្នាំ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បរិមាណទំនិញឆ្លងកាត់កំពង់ផែ កើនឡើងជាង៩ភាគរយ ក្នុងនោះសម្រាប់ការនាំចូល កើនឡើងជាង១១ភាគរយ ដាក់ដោយកុងតេន័រ កើនជាង២៥ភាគរយ ខណៈការដឹកជញ្ជូនមិនមែនជាកុងតេន័រ បានថយចុះជិត៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។

ចំណែកការដឹកជញ្ជូនសម្រាប់ការនាំចេញវិញ មានកំណើនកើនឡើងជាង៤ភាគរយ ក្នុងនោះជាកុងតេន័រកើនឡើងជាង៣ភាគរយ រួមជាមួយការរៀបចំដឹកជញ្ជូនចេញមិនមែនកងតេន័រមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here