រដ្ឋាភិបាលថៃគ្រោងបញ្ចេញថវិកា១៥ពាន់លានដុល្លារអាមេរិកដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិ

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃ នឹងចាក់បញ្ចូលថវិកា៤៧៣ពាន់លានបាត (១៥,២ពាន់លានដុល្លារអាមេរិក) ទៅក្នុងសេដ្ឋកិច្ចនៅឆមាសទី២ បន្ទាប់ពីខ្លួនបានអនុម័តកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចកាលពីថ្ងៃអង្គារ ទី១ មិថុនា ដើម្បីសម្រាលផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកទី៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសារព័ត៌មាន CNA ឱ្យដឹងថា ការផ្ទុះវីរុសកូវីដ-១៩ រលកចុងក្រោយនៅក្នុងប្រទេសជាសមាជិកអាស៊ាន មួយនេះបានបង្កការឆ្លងស្មើនឹងជាង៨០% នៃករណីឆ្លងសរុប ហើយស្មើនឹងជាង៩០%នៃករណីស្លាប់សរុប ហើយបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសនេះបង្អង់ល្បឿនយ៉ាងខ្លាំង។

លោកស្រី Kulaya Tantitemit ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “វិធានការនេះនឹងផ្ដលជំនួយគ្របដណ្តប់លើពលរដ្ឋចំនួន៥១លាននាក់ ជួយរក្សាអំណាចទិញ និងគាំទ្រដល់សេដ្ឋកិច្ចក្នុងឆមាសទី២ នៃឆ្នាំ២០២១”។

កាលពីខែមុន ទីភ្នាក់ងាររៀបចំផែនការរដ្ឋ បានកាត់បន្ថយការព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ របស់ខ្លួនពី២,៥% ទៅ៣,៥% មកនៅត្រឹម១,៥%ទៅ២,៥%ដោយ​សារការផ្ទុះការឆ្លងរលកថ្មី។

យោងតាមលោក Sethaput Suthiwartnarueput ទេសាភិបាលនៃធនាគារកណ្តាលថៃ (Bank of Thailand) បានឱ្យដឹងថា ទម្រាំតែសេដ្ឋកិច្ចធំបំផុតទី២ របស់អាស៊ាន មួយនេះ អាចវិលទៅរកកម្រិតល្អប្រសើរ ដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩ យ៉ាងហោចណាស់ក៏នៅត្រីមាសទី១ ដើមឆ្នាំ២០២៣ដែរ ពោលគឺយូរជាងការព្យាករលើកមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here