ចំណេះដឹងហិរញ្ញវត្ថុ! វិធីសាស្ត្រចំនួន៤ក្នុងការទិញប្រកបដោយភាពឆ្លាសវៃ

ដោយៈ សាវុធ

ភ្នំពេញៈ ការទិញទំនិញគឺជារឿងមួយ ដែលមិនអាចខានបាន ប៉ុន្ដែបើអ្នកស្ថិតនៅក្នុងស្ថានភាពសន្សំប្រាក់ ការដើរទិញទំនិញវាជារឿងមួយ ដែលធ្វើអោយអ្នកពិបាកក្នុងការសម្រេចចិត្តមែនទែន។

តើអ្នកចង់ដឹងនូវវិធីសាស្ត្រ ដែលធ្វើឱ្យអ្នកមានភាពឆ្លាតវៃ ក្នុងការដើរទិញទំនិញដែរឬទេ? អ្នកអាចទិញនូវអ្វីដែលអ្នកចង់បាន ហើយចំណាយប្រាក់តិចប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រក្នុងការទិញប្រកបដោយភាពឆ្លាសវៃ ដែលធ្វើអោយអ្នកទទួលបាននូវអ្វីដែលអ្នកចង់បាន ហើយមិនបាច់ចំណាយប្រាក់ច្រើននោះទេ ដោយគ្រាន់តែអ្នកអាចសាកល្បងនូវវិធីដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ទិញនៅពេលមានការលក់បញ្ចុះតម្លៃ
បើអ្នកចង់បាននូវរបស់អ្វីមួយ ប៉ុន្ដែអ្នកមិនមានលុយគ្រប់គ្រាប់ ដើម្បីទិញវា អ្នកអាចរង់ចាំឱកាស នៃការលក់បញ្ចុះតម្លៃ ដូចជា រដូវចូលឆ្នាំ បុណ្យអ៊ុទូក បុណ្យណូអ៊ែល និងក្នុងឱកាសជិតដល់ចូលឆ្នាំសកល ឬគម្រប់ខួបនៃការបើកហាងលក់ ឬជាប្រម៉ូសិនរបស់ហាងជាដើម។

ក្នុងឱកាសទាំងអស់នេះ អ្នកនឹងទិញបាននូវផលិតផល ដែលមានតម្លៃធូរថ្លៃជាមិនខាន។ ប៉ុន្ដែអ្នកគួរទិញនូវអ្វី ដែលជាតម្រូវការចាំបាច់បានហើយ មិនគួរចេះតែទិញទំនិញដោយសារគេលក់បញ្ចុះតម្លៃឡើយ វានឹងធ្វើអោយអ្នកកាន់តែខាតបង់ប្រាក់កាសច្រើនព្រោះការចំណាយមិនបានត្រឹមត្រូវចំគោលដៅ។

២.ទិញនៅកន្លែងដែលមានលក់ក្នុងតម្លៃសមរម្យ
ទំនិញមួយ មិនមែនមានលក់តែមួយកន្លែងឡើយ វាត្រូវបានគេលក់នៅច្រើនកន្លែងទៀត គ្រាន់តែពេលខ្លះអ្នកមិនបានដឹង។ ដូចនេះ អ្នកគួរចេះរកមើលវាអោយបានច្រើនកន្លែង ដើម្បីស្ទាបស្ទង់តម្លៃជាមុនសិនមុននឹងសម្រេចចិត្ដ។ អ្នកគួរទិញនៅក្នុងផ្សារឬហាងដែលមិនសូវល្បី ព្រោះតម្លៃវាក៏មិនសូវថ្លៃដែរ។

៣.ពេលចង់បានអ្វីគួរព្យាយាមរកទិញវាឱ្យបាន
នៅពេលដែលអ្នកចង់បាននូវអ្វីមួយ អ្នកគួរតែសន្សំលុយ ឬរក្សាទុកលុយសម្រាប់ទិញវាអោយបាន បើអ្នកទិញមិនបាន អ្នកប្រហែលនឹងចំណាយលុយនោះទៅទិញនៅអ្វីផ្សេងទៀត ដែលអាចមិនមែនជាតម្រូវការរបស់អ្នក។ លុះថ្ងៃក្រោយអ្នកបានឃើញនូវរបស់ដែលអ្នកចង់ទិញថ្ងៃមុន អ្នកប្រហែលជាចំណាយលុយអ្នកម្ដងទៀត ដើម្បីទិញវាជាមិនខាន។

ការធ្វើដូច្នេះ វានឹងធ្វើអោយអ្នកចំណាយប្រាក់កាន់តែច្រើន ប្រសិនបើអ្នកមិនបានគិតគូរអោយម៉ត់ចត់នោះ អ្នកនឹងខាតបង់មិនបានសន្សំហើយចំណាយលើសដើមទៀត។

៤.កុំយកការដើរទិញទំនិញជាការកំសាន្ដ
ពេលខ្លះការដើរផ្សារមើលនេះមើលនោះ វាអាចអោយអ្នកបានសប្បាយចិត្ត បំបាត់ភាពតានតឹងបានមួយចំនួនដែរ ប៉ុន្តែបើអ្នកគិតថាការទិញទំនិញ ជារឿងមួយដែលសប្បាយនោះ វាជាបញ្ហាធ្ងន់ហើយ។ ជាធម្មតាភាពលោភលន់ចង់បាន ការស្រលាញ់របស់មនុស្សយើងពិបាកនឹងហាមឃាត់ណាស់ ប្រសិនបើនៅពេលអ្នកដើរផ្សារ អ្នកឃើញនេះស្រលាញ់ ឃើញនោះស្រលាញ់ ស្រលាញ់នេះទិញនេះ ស្រលាញ់នោះទិញនោះ អ្នកនឹងមិនសល់ប្រាក់ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here