កម្ពុជារកចំណូលបានប្រមាណ២,២ពាន់លានដុល្លារពីការនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៤,១៨លានតោន ទៅកាន់ទិសដៅ៥៧ប្រទេស ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណជាង២,២ពាន់លានដុល្លារ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ។ នេះបើយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្មកាលពីម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកវេង សាខុនបានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៤,១៨លានតោន ទៅកាន់ទិសដៅ៥៧ប្រទេស គឺមានការកើនឡើងចំនួន ១,៩លានតោន ស្មើនឹង៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ២,២លានតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងបន្តទៀតថា ការប៉ាន់ស្មានតម្លៃ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន២,២ពាន់ដុល្លាអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ១៩៦,៩ លានដុល្លាអាមេរិក ការនាំចេញស្រូវមានជាង ២៣៩ លានដុល្លាអាមេរិក  និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១,៧ពាន់លានដុល្លាអាមេរិក។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១ មានកំណើនចំនួន៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here