រដ្ឋាភិបាលទទួលបានចំណូលជាង៤៣៥លានដុល្លារពីការនាំចេញស្រូវនិងអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈ លក្ខិណា
ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញអង្ករ និងស្រូវទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ត្រលប់មកវិញមានទំហំប្រមាណ៤៣៥លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករមានទឹកប្រាក់១៩៦,៩១លានដុល្លារអាមេរិក និងការនាំចេញស្រូវមានទឹកប្រាក់២៣៩លានដុលក្លារអាមេរិក។

របាយការណ៍ដដែលបានបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៥ខែដំបូងនេះមានបរិមាណ ២២៣.០៣១តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ឃើញថាមានការធ្លាក់រហូតដល់៣៤,៥៦ភាគរយ។

លោកលន់ យ៉េងអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញអង្ករមានការធ្លាក់ចុះបែបនេះដោយសារតែកង្វះមធ្យោបាយដឹកជញ្ជូនទៅកាន់ទីផ្សារប្រទេសអឺរ៉ុប បូករួមនឹងថ្លៃដឹកជញ្ជូនកាន់តែឡើងថ្លៃទៀតនៅក្នុងវិបត្តិកូវីដ១៩នេះ។ តែយ៉ាងណា កម្ពុជាក៏មានទីផ្សារប្រទេសចិន សម្រាប់ទប់ការធ្លាក់ចុះបន្តផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “បើកុំបានតែបានចិនជួយទិញអង្ករពីយើង កុំអីការនាំចេញអង្កររបស់យើងនឹងកាន់តែធ្លាក់ចុះខ្លាំងថែមទៀត”។
លោកបានបន្តថា កាលពីមុនតម្លៃដឹកជញ្ជូនទៅកាន់ទីផ្សារប្រទេសអឺរ៉ុបមិនជាថ្លៃប៉ុន្មានទេ គឺអាចទទួលយកបាន តែដល់ពេលវិបត្តិកូវីដ១៩ស្រាប់តែការដឹកជញ្ជូនទៅកាន់ទីផ្សារប្រទេសឆ្ងាយៗកាន់តែឡើងថ្លៃ និងពិបាករកមធ្យោបាយដឹកជញ្ជូនទៅដល់ទៀតផង។

របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ការនាំចេញស្រូវក្នុងរយៈពេល៥ខែមាន១.៦១៤.២១១តោន ភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម ក្នុងនោះស្រូវដែលមានវិញ្ញាបនបត្រភូតគាមអនាម័យមានចំនួន៨៥៥.២០២តោន កើនឡើងប្រមាណ៨២ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here