តើលោកRobert Kiyosakiបង្រៀនអ្វីដល់អ្នកអំពីចំណេះដឹងហិរញ្ញវត្ថុ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកRobert Kiyosaki ដែលល្បីល្បាញលើការសរសរសៀវភៅជាច្រើន ពិសេសទទួលជោគជ័យ ក្នុងមុខជំនួញអចលនទ្រព្យ បានចែករំលែកចំណេះដឹងជាច្រើនដល់អ្នកជំនាន់ក្រោយ។

ក្នុងចំណោមការចែករលែកជាច្រើន គេហទំព័រCambodiafinancialtimes.comសូមលើកយកចំណេះដឹងសំខាន់ៗចំនួន៤ទាក់ទងហិរញ្ញវត្ថុ ដែលបុគ្គលល្បីល្បាញរួបនេះបានចែករំលែកកន្លងមក។

១) កុំធ្វើការដើម្បីលុយ តែត្រូវឲ្យលុយមកធ្វើការឲ្យអ្នកវិញ
លោកRobertបាននិយាយថា មូលហេតុដ៏ចម្បងមួយ ដែលធ្វើឲ្យមនុស្សមានបញ្ហាហិរញ្ញវត្ថុ គឺដោយសារតែពួកគេចំណាយពេលជាច្រើនឆ្នាំនៅក្នុងសាលា ដោយមិនបានរៀនអ្វីសោះពីលុយ។ លទ្ធផលគឺថាមនុស្សនាំគ្នារៀនធ្វើការ “ដើម្បីលុយ” ប៉ុន្តែមិនដែលរៀនឲ្យលុយមកធ្វើការឲ្យពួកគេវិញនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២) រៀនពីការរកចំណូលអកម្ម
ផ្អែកតាមម្ចាស់ជំនួញដែលសរសេរសៀវភៅពី Rich Dad Company រូបនេះ ប្រាក់ចំណូលមានពីរប្រភេទគឺ ប្រាក់ចំណូលបែបសកម្មនិងប្រាក់ចំណូលបែបអកម្ម។ ភាពខុសគ្នា រវាងប្រភពប្រាក់ចំណូលទាំងពីរនេះស្ថិតនៅត្រង់ថា បែបសកម្ម បើអ្នកធ្វើការ១ម៉ោង អ្នកនឹងទទួលបានប្រាក់១ដុល្លារ។

វាមានដែនកំណត់ និងទាមទារឲ្យអ្នកលះបង់ថាមពល និងពេលវេលា ដើម្បីទទួលបានចំណូល ដូចជាម្ចាស់អាជីវកម្មតូចៗផ្ទាល់ខ្លួន ឬក៏អ្នកជំនាញអាជីពមានគ្រូពេទ្យជាដើម។

ផ្ទុយទៅវិញ ប្រាក់ចំណូលបែបអកម្ម មិនអាស្រ័យទៅលើអ្នកនោះទេ វាជារបៀបដែលលុយធ្វើការឲ្យអ្នក តួយ៉ាងដូចជាវិនិយោគិន ឬម្ចាស់អាជីវកម្មធំៗជាដើម។ បើអ្នករកចំណូលតាមប្រភពសកម្ម នោះអ្នកនឹងមិនមានសេរីភាពនោះឡើយ។

៣) រៀនសូត្រពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ
គាត់បាននិយាយថា មូលហេតុដែលបណ្ដាលឲ្យសិស្សនិទ្ទេសA មួយចំនួនដូចជា អ្នកជំនាញខាងធនាគារ គ្រូពេទ្យ និងគណនេយ្យករ តែងមានវិបត្តិហិរញ្ញវត្ថុនោះក៏ដោយសារនៅក្នុងសាលាពួកគេ ត្រូវបានបង្វឹកឲ្យផ្ដោតទៅលើជំនាញ ដែលមានលក្ខណៈអាជីព ចំពោះមុខវិជ្ជាជាក់លាក់របស់ពួកគេ ដែលមិនមែនជាជំនាញផ្នែកហិរញ្ញវត្ថុ។

ផ្ទុយទៅវិញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បែរជាត្រូវបានឪពុកម្ដាយក្រីក្របង្រៀន ដែលតែងប្រាប់ពួកគេឲ្យប្រឹងប្រែងរៀននៅសាលា ដើម្បីទទួលបានលទ្ធផលសិក្សាល្អ និងមានការងារល្អប្រាក់ខែខ្ពស់។

៤) លុយតែម្យ៉ាងមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបានឡើយ
លោកRobert Kiyosakiបានលើកឡើងថា “ទ្រព្យសកម្មដ៏មានអំណាចបំផុត ដែលពួកយើងមានគឺជាការគិតរបស់អ្នកនោះឯង ព្រោះបើវាត្រូវបានបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ នោះវានឹងបង្កើតនូវទ្រព្យសម្បត្តិដ៏ច្រើនមហាសាលឲ្យអ្នក”។

ត្រង់នេះលោកចង់សំដៅ ទៅលើភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុនោះឯង។ មិនមែនជាលុយ មាស ផ្ទះសម្បែងដីធ្លី ដែលធ្វើឲ្យអ្នកមាននោះទេ តែវាជាអ្វីដែលអ្នកដឹងអំពីលុយ មាស ផ្ទះសម្បែងដីធ្លីនោះទៅវិញទេ ដែលពិតធ្វើឲ្យអ្នកមានបានពិតប្រាកដ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here