ក្រុមប្រឹក្សាធុរកិច្ចកម្ពុជានិងថៃបេ្តជ្ញារួមចំណែកពង្រឹងការធ្វើការពាណិជ្ជកម្មឱ្យបាន១៥ពាន់លានដុល្លារ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំនៅទីក្រុងបាងកក (CBC) និងក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា (TBCC) បានប្តេជ្ញាសហការរួមគ្នាដើម្បីរួមចំណែកពង្រឹងការធ្វើការពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យសម្រេចតាមផែនការរបស់ថ្នាក់ដឹកនាំប្រទេសទាំង២ ឱ្យបាន១៥ពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ការសហការគ្នារវាងស្ថាប័នទាំងពីរនេះក៏ផ្តោតការជំរុញការទាក់ទាញវិនិយោគិនថៃនិងកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ច និងការទូតផងដែរ។ ជាមួយគ្នានេះដែរ ស្ថាប័នទាំងពីរជួបលើកដំបូងរវាងស្ថាប័នទាំង២នេះ ធ្វើឡើងបន្ទាប់ពី CBC បានបើកឱ្យដំណើរការកាលពីថ្ងៃទី២០ ខែឧសភា នៅទីក្រុងបាងកក។

ប្រធានCBC លោកសុធា សម្បត្តិបានថ្លែងថា ការបង្កើតCBC គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ដើម្បីជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចការទូតកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសគឺការទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថ្លែងថា “កម្ពុជា និងថៃ គឺជាប្រទេសជិតខាងដែលមានវប្បធម៌ និងការរស់នៅប្រហាក់ប្រហែលគ្នា ដូច្នេះតួនាទីរបស់CBC គឺមិនត្រឹមតែដើម្បីបង្កើនទាក់ទាញការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ធ្វើការបង្កើនទំនាក់ទំនងវប្បធម៌ទេសចរណ៍ និងប្រជាជនផងដែរ”។

លោកសង្ឃឹមថា តាមរយៈកិច្ចសហការជាមួយក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា វានឹងធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយ និងជួយចូលរួមអនុវត្តសេដ្ឋកិច្ចការទូតរវាងប្រទេសទាំង២”។

លោកស្រីជីរ៉ាណាន់ វង្សមង្គលប្រធានTBCC បាននិយាយថា លោកស្រីនឹងចូលរួមសហការជាមួយ CBC ដើម្បីទាក់ទាញធុរជនថៃ និងកៀរគរវិនិយោគិនកម្ពុជាបន្ថែមទៀត។ លោកស្រីថ្លែងថា “ខ្ញុំពិតជារីករាយនឹងកិច្ចសហការរវាងស្ថាប័នទាំង២ ដែលនឹងក្លាយជាកម្លាំងជំរុញមួយបន្ថែមទៀតដល់ធុរជន និងវិនិយោគិនកម្ពុជា-ថៃកាន់តែមានទំនុកចិត្តមួយកម្រិតទៀតក្នុងការបណ្តាក់ទុនរកស៊ីទៅវិញទៅមក”។

តាមគម្រោងស្ថាប័នទាំង២ នឹងចុះអនុស្សរណៈយោគយល់គ្នានាពេលខាងមុខដើម្បីពន្លឿនការងាររួមគ្នាទោះបីជំងឺកូវីដ១៩ កំពុងបន្តរីករាលដាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here