ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃសម្រេចបានទំហំទឹកប្រាក់២.៦៩៤លានដុល្លារក្នុងរយៈ៤ខែដើមឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទំហំទឹកប្រាក់សរុប២.៦៩៤លានដុល្លារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ថយចុះ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មកម្ពុជាចេញផ្សាយកាលពីថ្មីនេះ។

ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២១ កម្ពុជានាំទំនិញចេញកាន់ប្រទេសថៃ មានតម្លៃ ៤០២លានដុល្លារ ថយចុះ ៤១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ កម្ពុជាបាននាំចូលទំនិញពីប្រទេសថៃ មានតម្លៃសរុប២ ២៩២លានដុល្លារក្នុងរយៈពេលបួនខែ ឆ្នាំ២០២១ ថយចុះ៥,៨ ភាគរយ។

ផលិតសំខាន់ៗកម្ពុជានាំចេញទៅកាន់ប្រទេសថៃ ភាគច្រើនជាផលិតផលកសិកម្ម ចំណែកកម្ពុជានាំចូលពីប្រទេសថៃ មានដូចជាផលិតផល ប្រេងឥន្ធនៈ ជីកសិកម្ម អាហារ គ្រឿងសំណង់ រថយន្ត ភេសជ្ជៈ និងគ្រឿងសំអាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងនឹងការជំរុញពាណិជ្ជកម្មទេ្វភាគី និងការជំរុញវិនិយោគទ្វេភាគី ស្ថានទូតកម្ពុជាប្រចាំនៅប្រទេស ថៃបានដាក់ដំណើរការក្រុមប្រឹក្សាធុរកិច្ចកម្ពុជា។

លោកអ៊ូក សោភ័ណឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ធ្លាប់បានថ្លែងថា វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំប្រទេសថៃ គឺជាការបើកទំព័រសករាជថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្ករវិទ្ធង្សនាកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ រយៈពេលជាង១ឆ្នាំ នេះ។

លោកឯកអគ្គរាជទូត លើកឡើងពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់វិបត្តិជំងឺកូវីដ-១៩ សំដៅកសាងភាពធន់នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ការបង្កើត និងចូលរួមប្លុកពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។

ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងឆ្នាំ២០២០ មានតម្លៃ៧,២ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់សរុប១,១ពាន់លានដុល្លារ ធ្លាក់ចុះ៤៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here