ដោយៈលក្ខិណា
ភ្នំពេញៈ ខណៈស្វាយកម្ពុជាមួយចំនួន បានទៅដល់ទីផ្សារប្រទេសចិនហើយនោះ ស្វាយរបស់កសិករកម្ពុជារាប់រយតោនទៀត កំពុងប្រឈមនឹងការខូចខាត ហើយស្វាយជាច្រើនតោនទៀត ក៏ត្រូវកសិករយកទៅចាក់ចោលជាគំនរ នៅតាមផ្លូវព្រោះតែឈ្មួញឱ្យតម្លៃទាបពេក។
ម្ចាស់ចំការស្វាយជាច្រើន នៅក្នុងស្រុកដងទង់ខេត្តកំពត កំពុងពិចារណាថាតើគួរបេះស្វាយ ដែលកំពុងពេញដល់រដូវប្រមូលផល ឬក៏ទុកឱ្យវាទុំជ្រុះនៅក្រោមដើម ព្រោះតែតម្លៃ ដែលឈ្មួញផ្ដល់ឱ្យកសិករវាទាបពេក ត្រឹមតែ៣០០ឬ៤០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។
ម្ចាស់ចំការម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ឈ្មួញឱ្យថ្លៃត្រឹម៣០០រៀលទៅ៤០០រៀលក្នុងមួយគីឡូ ហើយម្ចាស់ចំការត្រូវបេះយកឱ្យគេទៀត ដូច្នេះម្ចាស់ចំការត្រូវជួលកម្មករ ដើម្បីបេះស្វាយដើម្បីដឹកឱ្យឈ្មួញ ។ ការជួលកម្មករបេះត្រូវចំណាយលុយច្រើន ដូច្នេះពេលលក់ស្វាយនោះហើយ ក៏មិនដឹងថារួចថ្លៃជួលកម្មករ និងថ្លៃដឹកទៅឱ្យឈ្មួញឬក៏អត់ទេ។ ពេលនេះពួកយើងកំពុងតែពិចារណាថា គួរបេះឬមិនបេះ តែបើទុកចោលវាអត់បានអីមកវិញទេ មានតែទុំជ្រុះស្អុយពេញក្រោយដើមតែប៉ុណ្ណឹង តែបើសិនជាបេះទៅអាចបានកម្រៃខ្លះៗ តែក៏មិនដឹងថាអាចចំនេញឬក៏អត់ដែរ ។
លោកច័ន្ធ រឹទ្ធម្ចាស់ចំការស្វាយនិងជាអ្នកដើរម៉ៅស្វាយពីម្ចាស់ចំការយកទៅលក់ឱ្យឈ្មួញកណ្ដាលបាននិយាយថា ឆ្នាំមុនៗលោកបានប្រមូលដើរទិញស្វាយពីកសិករដើម្បីទៅឱ្យឈ្មួញជនជាតិវៀតណាមឬថៃ ហើយពេលណគេអត់មានស្វាយគេឱ្យថ្លៃខ្ពស់បន្តិចមកឈ្មួញខ្មែរ ហើយពេលណាគេសំបូរស្វាយគេទំលាក់តម្លៃស្វាយខ្មែរ ។
លោកថា៖«ពេលខ្លះឈ្មួញគេថា ស្វាយនាំចេញទៅចិនលែងបានហើយព្រោះចិនសម្បូរស្វាយ ហើយពេលខ្លះគេថាចិនត្រូវការស្វាយ អញ្ចឹងជួយប្រមូលស្វាយឱ្យបានច្រើននិងមានតម្លៃខ្ពស់ផងដែរ »។
លោកបន្តថា សម្រាប់ឆ្នាំនេះ លោកសម្រេចចិត្តថានឹងបេះស្វាយយកទៅឱ្យឈ្មួញទោះតម្លៃទាបក៏ដោយ ដើម្បីបានកម្រៃខ្លះមកទូទាត់ថ្លៃជី និងថ្លៃកម្លាំងពលកម្មកន្លងប្រសើរជាងទុកចោលនៅក្រោមដើមទុំជ្រុះស្អុយពេញហ្នឹងដែរ ។ លោកនិយាយថា៖« កសិករធ្វើដំណាំស្វាយតាមតែខ្លួនពួកគាត់ទេ មិនដែលមានមន្ត្រីជំនាញកសិកម្មណាចុះមកអប់រំឬណែនាំកសិករអ្វីនោះឡើយ ហើយកសិករក៏មិនបានដឹងព័ត៌មានដែលក្រសួងចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនោះដែរ »។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនកាលពីពេល ថ្មីៗនេះបានបង្ហោះសារ ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា តម្លៃស្វាយចុះថ្លៃនិងអត់ទីផ្សារនេះ មូលហេតុមកពីមិនបានយកចិត្តទុកដាក់ តាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក។
លោកថា “កសិករគួរមកអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះបញ្ជីចំការស្វាយ ដើម្បីទទួលបានបច្ចេកទេសដាំដុះ តាមលក្ខខណ្ឌតម្រូវប្រទេសនាំចូល”៕