រដ្ឋាភិបាលឥណ្ឌូនេស៊ី​សហការ​ជាមួយ​ក្រុមហ៊ុន LG វិនិយោគ​ទឹក​ប្រាក់​១,២​ពាន់​លាន​ដុល្លារ​សាងសង់​រោងចក្រ​ផលិត​អាគុយ

ដោយៈឧត្តម

ហ្សាការតាៈ រដ្ឋមន្ត្រីវិនិយោគរបស់ឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២៤ ឧសភា ថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ Indonesia Battery Corporation (IBC) និងក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង នឹងសាងសង់រោងចក្រផលិតអាគុយថ្មីមួយ ក្នុងទំហំទឹកប្រាក់១,២ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសារព័ត៌មាន CNA ឱ្យដឹងថា រោងចក្រដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀ​ងផលិតរថយន្តអគ្គិសនី (EV) ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៩,៨ពាន់លានដុល្លារអាមេរិក រវាងក្រុមហ៊ុន LG និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុននេះ នឹងត្រូវសាងសង់នៅក្នុងទីក្រុង Bekasi។

តាមរយៈសេចក្ដីថ្លែងការណ៍ លោក Bahlil Lahadalia រដ្ឋមន្រ្តីវិនិយោគឥណ្ឌូនេស៊ី មិនបានបញ្ជាក់ ពីពេលវេលាចាប់ផ្ដើមការសាងសង់នោះទេ ដោយគ្រាន់តែលើកឡើងថា រោងចក្រនេះ នឹងត្រូវសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបានបន្ថែមថា “ដំណាក់កាលទី១ នៃការសាងសង់នឹងមានសមត្ថភាពផលិតថាមពលបាន១០ជីហ្គាវ៉ាត់ម៉ោង (GWh)ដែលនឹងត្រូវប្រើសម្រាប់រថយន្តអគ្គិសនី ពីក្រុមហ៊ុន Hyundai”។

យោងតាមសេចក្ដីថ្លែងការណ៍ខាងលើឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនLGមានបុត្រសម្ព័ន្ធជាច្រើនរួមមានក្រុមហ៊ុន LG Chem ក្រុមហ៊ុន LG Energy Solution ក្រុមហ៊ុន LG International ព្រមទាំងក្រុមហ៊ុនផលិតដែកថែបកូរ៉េខាងត្បូង POSCO និងក្រុមហ៊ុនចិន Huayou Holdings ផងដែរ។

ទោះជាយ៉ាងណា ភ្លាមៗទីភ្នាក់ងារព័ត៌មាន Reuters ទំនាក់ទំនងទៅអ្នកនាំពាក្យក្រុមហ៊ុន LG Energy Solution ដែលជាក្រុមផលិតអាគុយរបស់ក្រុមហ៊ុនសម្ព័ន្ធ LG ដើម្បីសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ។

ទីភ្នាក់ងារព័ត៌មានReuters បានចុះផ្សាយកាលពីដើមខែនេះថា ក្រុមហ៊ុន LG Energy Solutionកំពុងសម្លឹងរកឱកាសផលិតអាគុយ បច្ចេកវិទ្យាជឿនលឿនឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសហរដ្ឋអាមេរិក Tesla Inc នៅឆ្នាំ២០២៣ ហើយកំពុងពិចារណាទីតាំងផលិតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

ក្នុងនាមជាប្រទេសផលិតលោហៈធាតុនីគែល (Nickel) ធំជាងគេ ឥណ្ឌូនេស៊ីមានផែនការប្រកបដោយមហិច្ឆតាធំ គឺចាប់ផ្ដើមកែច្នៃលោហៈធាតុនីគែល ដ៏សម្បូរបែបរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងអាគុយ Lithium ហើយទីបំផុតនឹងក្លាយជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ការផលិត និងនាំចេញរថយន្តអគ្គិសនី។

ក្រុមមន្រ្តីនិយាយថា ប្រទេសឥណ្ឌូនេស៊ី កំពុងកំណត់គោលដៅផលិតអាគុយ ដែលមានសមត្ថភាព ផលិតថាមពលបាន១៤០ជីហ្គាវ៉ាត់ម៉ោង (GWh) នៅត្រឹមឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here