រដ្ឋាភិបាលលើកចិត្តដល់ក្រុមហ៊ុនសិង្ហបុរីក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា

ដោយៈ ប៊ី
ភ្នំពេញៈ កម្ពុជាស្នើ និងលើកទឹកចិត្តិដល់សិង្ហបុរី ក្នុងការជួយសម្របសម្រួលជាមួយក្រុមហ៊ុនរបស់សិង្ហបុរី ដើម្បីនាំចូលផលិតផលកសិកម្មពីកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្នុងជំនួបការងារជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី នៅព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២១នេះ លោកប៉ាន សូរស័ក្ដិរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លើកឡើងអំពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា ដូចជាស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ធុរេន ដូង ស្រកានាគ និងអង្ករ។

ជាមួយគ្នានេះដែរ លោកបានស្នើសុំឱ្យភាគីសិង្ហបុរីជួយសម្របសម្រួលជាមួយក្រុមហ៊ុនរបស់សឹង្ហបុរីក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ក៏ដូចជាធ្វើការផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងសិង្ហបុរីដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។

លោករដ្ឋមន្រ្តីប៉ាន សូរស័ក្ដិបានជម្រាបជូនបន្ថែមទៅដល់ភាគីជំនួបអំពីការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ជាពិសេសកិច្ចការពារកម្មសិទ្ធិបញ្ញា ដោយក្នុងនោះឯកឧត្តម ក្នុងនាមជាប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានជំរុញឱ្យមានការអនុវត្តច្បាប់យ៉ាងជាក់លាក់ ជាពិសេសត្រូវការពារនូវម៉ាក ពាណិជ្ជនាមរបស់ក្រុមហ៊ុនបរទេសធំៗ ដើម្បីជាការលើកទឹកចិត្តឲ្យមានការវិនិយោគនៅកម្ពុជា។

ទន្ទឹមនោះ ក្រសួងពាណិជ្ជកម្មក៏បានជំរុញការបង្កើតអត្តសញ្ញាណផលិតផលជាតិ ដូចជាផលិតផលសម្គាល់ភូមិសាស្ត្រ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីផ្សព្វផ្សាយទៅពិភពលោកឱ្យបានស្គាល់។
លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរៀបចំលក់ចំណីអាហារតាមចិញ្ចើមផ្លូវរបស់សឹង្ហបុរី ហើយក៏បានស្នើសុំឱ្យភាគីសឹង្ហបុរីផ្ដល់នូវគំរូល្អៗ ក្នុងការរៀបចំការលក់ដូរបែបនេះ ដើម្បីជាការផ្ដួចផ្ដើមអភិវឌ្ឍន៍វិស័យសហគ្រាសមីក្រូតូច និងមធ្យម ក៏ដូចជាប្រភពចំណូលដល់ប្រជាជន។

នាឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាក់ព័ន្ធនឹងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ជាពិសេស លោកជំទាវអគ្គរដ្ឋទូត បានបង្ហាញនិងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការទទួលតួនាទីធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ ហើយក៏បានជម្រាបជូនថា សិង្ហបុរី នឹងបន្តសហការជាមួយកម្ពុជាក្នុងនាមជាមិត្តជិតស្និតមួយលើការងារទាំងអស់ដែលបានលើក។
តាមរយៈជំនួបនាពេលនេះ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសការបន្តជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here