ក្រុមហ៊ុន​ផ្សារ​ទំនើបធំៗនៅ​ប្រទេស​ថៃ​បន្ត​វិធានការ​សង្គ្រោះ​ដល់​អាជីវករ​ដែល​ជួល​ស្តង់

ដោយៈ​ឧ​ត្ត​ម

បាងកក: ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​ទំនើប​ជាច្រើន បាន​បន្ត​វិធានការ​សង្គ្រោះ​របស់ខ្លួន ដើម្បី​ជួយ​ឱ្យ​អាជីវករ ដែលជា​អ្នក​ជួល​តូប​របស់ខ្លួន អាច​បន្តដំណើរ​លក់ដូ​រ​អំឡុង​វិបត្តិ​កូ​វីដ-១៩ ដែល​កាន់តែ​ធ្ងន់ធ្ងរទៅ។ នេះ​បើ​យោងតាម​សារព័ត៌មាន Bangkok Post ចុះផ្សាយ​កាលពី​ថ្ងៃទី១៨ ឧសភា។

តួយ៉ាង លោក Somphol Tripopnart នាយក​គ្រប់គ្រង​អាជីវកម្ម​ផ្សារ​ទំនើប​នៅ​ក្រុមហ៊ុន MBK Plc ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប MBK ផ្សារ​ទំនើប Paradise Park និង​ផ្សារ​ទំនើប The Nine Rama 9 បានលើកឡើង​ក្នុង​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​បានចាប់ផ្តើម​ជួយ​អា​ជីករ ដែល​ជួល​តូប​របស់ខ្លួន​កាលពី​ថ្ងៃទី២៦ ខែមេសា តាមរយៈ​ការមិន​យក​ថ្លៃឈ្នួល​ស្តង់ សម្រាប់​អ្នក​ជួល​ដែល​ជួប​ការលំបាក​ខ្លាំង​បំផុត ដោយ​យកតែ​ថ្លៃ​ទឹក​ភ្លើង​ប៉ុណ្ណោះ។

កាលពី​ដើមខែ​នេះ ក្រុមហ៊ុន​នេះ​បាន​បន្ត​វិធានការ​សង្គ្រោះ ដើម្បី​ជួយ​ដល់​អ្នក​ជួល​តូចផ្សេងៗទៀត នៅ​ផ្សារ​ទំនើប​ទាំង៣របស់ខ្លួន តាមរយៈ​ការបញ្ចុះ​ថ្លៃឈ្នួល​តូប​ចន្លោះ​ពី៣០%ទៅ៧០% ក្នុង​បំណង​ជួយ​សម្រាល​ផលប៉ះពាល់ ដែល​បង្កឡើង​ដោយ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ រលក​ថ្មី​ទៅលើ​អាជីវករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​លោក Somphol Tripopnart ឱ្យដឹងថា ក្រុមហ៊ុន​ក៏បាន​បង្កើត​បណ្តាញ​លក់ផ្សេងៗផងដែរ ដើម្បី​ជួយ​បង្កើន​ឱកាស​លក់​របស់​អ្នក​ជួល​តូប និង​ទទួលបាន​អតិថិជនថ្មីៗ សម្រាប់​ជួយ​ទប់​ការធ្លាក់ចុះ​ប្រាក់ចំណូល​រេ​បស់​ពួកគេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បាន​បើកហាង​របស់ខ្លួន​ដែលមាន​ឈ្មោះថា MBK Center@Lazada សម្រាប់​ជួយ​អ្នក​ជួល​តូប​លក់​ផលិតផល​របស់ខ្លួន​តា​ម​អន​ឡាញ។

លើសពីនេះ​ទៀត នៅ​រៀងរាល់ថ្ងៃ​ពុធ ក្រុមហ៊ុន​នឹងធ្វើ​ការ Live លក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោម​ផេ​កមួយ​ដែលមាន​ឈ្មោះថា MBK Live Market។  ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន​កំពុង​យក​ស្តង់​មួយចំនួន​មកវិញ ជាបណ្ដើរៗនៅពេល​កិច្ចសន្យាជួល​ផុត​សុពលភាព​នៅ​ឆ្នាំនេះ ដើម្បី​ត្រៀម​ប្ដូរ​ទៅ​ទីតាំង​ផ្សារ​របស់ខ្លួន។

នៅក្នុង​គម្រោង​អភិវឌ្ឍន៍ ដែល​ពាក់ព័ន្ធ​មួយ​ផ្សារ​ទំនើប MBK គ្រោង​បើកសម្ពោធ​ផ្សារ​ទំនើប​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា The Nine Center Tiwanon នៅ​ពាក់កណ្តាល​ខែក្រោយ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here