IFC ត្រៀម​បញ្ចេញ​ឥណទាន​ទំហំ៤០លាន​ដុល្លារ​ដល់​ធនាគារ​ហត្ថា

ដោយៈ សាវុធ

ភ្នំពេញៈ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​សមាជិក​របស់​ធនាគារពិភពលោក ត្រៀម​ផ្តល់​កម្ចី៤០លាន​ដុល្លារ​អាមេរិក​ឱ្យ​ធនាគារ​ហត្ថា ដែល​ធនាគារ​នាំមុខគេ​មួយ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា។

លោក​ឧកញ៉ា​ហួត អៀង​តុង​ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​ថា ធនាគារ​ហត្ថា​បាន​ជជែក​គ្នា​ជាមួយ IFC ដើម្បី​ស្នើសុំ​ឥណទាន ហើយ IFC ក៏បាន​ឯកភាព​ជាគោលការណ៍​ដែរ ក្នុងការ​ផ្តល់​កម្ចី៤០លាន​ដុល្លារ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​បាន​ថ្លែងថា “កម្ចី៤០លាន​ដុល្លារ​នេះ​យើង​ហៅថា​ជា អនុ​បំណុល (Sub-Debt) ដែល​ដើមទុន​ប្រភេទ​ទី២ របស់​យើង ដែល​យើង​អាចមក​ប្រើប្រាស់​សម្រាប់​គ​ណ​នា​ជាដើម​ទុន” ។ លោក​បានឱ្យដឹងថា “យើង​រំពឹងថា​នឹង​ទទួលបាន​ឥណទាន​នេះ​ក្នុង​ត្រីមាស​ទី២ ឬ​ដើម​ត្រីមាស​ទី៣” ។

លោក​ឧកញ៉ា​ហួត អៀង​តុង​បាន​ថ្លែងបន្តថា កម្ចី៤០លាន​ដុល្លារ​នេះ​យើង​យកមក ដើម្បី​បម្រើ ដល់​ការបញ្ចេញ​ទុន​ឥណទាន​របស់​យើង ទៅឱ្យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​មាន​ដើមទុន​គ្រប់គ្រាន់ នៅក្នុង​ការវិនិយោគ​លើ​ជំនួញ​របស់​ពួកគាត់​ជា​បន្ត។

លោក​ឧកញ៉ា​បានឱ្យដឹង​ទៀតថា ឥណទាន​នេះ​យើង​ទើបតែ​ជជែក​គ្នា ហើយ​IFC នឹង​ចាប់ផ្តើម​ធ្វើការ​សិក្សា និង​ផ្តល់​ឥណទាន​មកឱ្យ​យើង។ ធនាគារ​ហត្ថា មាន​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​ឥណទាន​ពី IFC។ IFC គឺ​ស្ថាប័ន​អន្តរ​ជាមួយ ដែលមាន​លក្ខខណ្ឌ​ច្រើន ជាពិសេស​លក្ខខណ្ឌ ដែល​សមស្រប​ទៅនឹង​អភិបាលកិច្ច​សាជីវកម្ម (Corporate Governance) ដូច្នេះ​ទាល់តែ​យើង​មានគុណ​វុឌ្ឍិ​ល្អ ក្នុងការ​ធ្វើឱ្យ​IFC ធ្វើការ​ផ្តល់​កម្ចី​មកឱ្យ​យើង។

គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២០ ធនាគារ ហត្ថា មាន​ការិយាល័យ​សរុប​ចំនួន១៧៧ និង​បណ្តាញ​អេ​ធី​អឹម​ចំនួន១៣៧ នៅ​ទូទាំងប្រទេស។ លើសពីនេះ អតិថិជន​បានមក​បើក​គណនី​ជាមួយ​ធនាគារ​ហត្ថា គឺ​ជិត៥០ម៉ឺន​គណនី ដោយ​ក្នុងនេះ គណនី​បញ្ញើ​សន្សំ​មាន​ជិត ៣០ម៉ឺន​គណនី និង​គណនី​ឥណទាន​ជិត ២០ម៉ឺន​គណនី។

ជាមួយគ្នានេះដែរ សំពាធ​ឥណទាន​របស់​ធនាគារ​នេះ បាន​កើន​ឡើងដល់​ជាង១ ៣០០ លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន​ប្រមាណ២៦% បើ​ធៀប​នឹង​ឆ្នាំ២០១៩ និង​ចំណែក​សំពាធ​ប្រាក់​បញ្ញើ​សន្សំ បាន​កើន​ឡើងដល់​ជិត៨០០លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ប្រមាណ​ជាង៣២% បើ​ធៀប​នឹង​ឆ្នាំ២០១៩ ។ ចំណែក​អតិថិជន ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ចល័ត បាន​កើនឡើង​រហូតដល់១០៥% គឺ​កើនឡើង​ពី​ជាង៨០០០នាក់ ទៅដល់​ជាង១៦,០០០នាក់ បន្ទាប់ពី​ស្ថាប័ន​នេះ បានដាក់​ឲ្យ​ប្រើប្រាស់ សេវា​ធនាគារ​ចល័ត ដែល​ទើប​បានធ្វើ​ទំនើបកម្ម​រួចរាល់​កាលពី​ចុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here