ដោយ គង់ ម៉ាលីន
ភ្នំពេញៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឲ្យដឹងថា ការប្រមូល ផលផ្លែទុរេននៅឆ្នាំ២០២១នេះ កើនជាងឆ្នាំ២០២០កន្លងទៅប្រមាណ២៥ភាគរយ ដោយសារអាកាសធាតុអំណោយផល។ រីឯតម្លៃវិញចន្លោះពី២០,០០០រៀល ទៅ២៨,០០០រៀល ក្នុង១គីឡូក្រាម។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១កន្លងមកថា គិតមកដល់បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះទុរេនសរុប១០៦០ហិចតា។ ក្នុងនោះផ្ទៃដីប្រមូលផលទំហំ៨៩៨ហិចតា បរិមាណផលចំនួន១០,៣២៧តោន។
ទាក់ទងតម្លៃទុរេន លោកបានឲ្យដឹងថា ជាមធ្យមសម្រាប់ប្រភេទ មួនថងថ្លៃ២៨ ០០០រៀល ក្នុង១គីឡូ, ឳខាក់២៤ ០០០រៀលក្នុង១គីឡូ និងប្រភេទសន្តង់កិត២០ ០០០រៀលក្នុង១គីឡូ។
លោកឲ្យដឹងទៀតថា ផលទុរេនខេត្តកំពត នៅតែបន្តលក់ចេញទៅក្រៅខេត្តមិនស្ទះទេ គឺមានម៉ូយឱ្យផ្ញើរទៅបណ្ដាខេត្ត និងរាជធានីតាមធម្មតា ទោះបីក្នុងសម័យជម្ងឺកូវីដ១៩ កំពុងរីករាលដាលក៏ដោយ។
ពាក់ព័ន្ធនឹងតម្លៃទុរេនដែលថ្លៃប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ ទោះបីជាប្រឈមនឹងវិបត្តិរាលដាលវីរុសកូវីដ១៩យ៉ាងណាក្តី អ្នកស្រីប៊ុន វ៉ា ដែលបាននាំយកផ្លែទុរេនដោយផ្ទាល់ពីចំការរបស់ខ្លួនផង និងប៉ូវបន្ថែមពីចំការផ្សេងទៀតខេត្តកំពត យកមកដាក់លក់នៅទីក្រុងភ្នំពេញបាននិយាយថា គ្រប់ទុរេនទាំងអស់នៅខេត្តកំពត គឺមិនបានធ្លាក់ថ្លៃដោយសារជំងឺកូវីដ១៩នោះទេ ព្រោះថាពិបាកថែរទាំ ហើយផលដែលបានក៏មិនទៀងទាត់ដែរ មានផ្លែល្អ និងខ្លះទៀតខូចខាតដោយសារសត្វស៊ី។
ទុរេនក្រៅពីខេត្តកំពត ក៏មានការដាំដុះច្រើនដែរនៅបណ្តាខេត្តផ្សេងៗទៀត ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង កោះកុង មណ្ឌលគិរី និងខេត្តពោធិ៍សាត់។ ប៉ុន្តែ ចំពោះរសជាតិនៃទុរេនវិញ គឺគ្មានទុរេនខេត្តណាមួយអាចប្រជែង នឹងទុរេនខេត្តកំពតបានទេ ទើបរដ្ឋាភិបាលសម្រេចយកផ្លែទុរេន ជានិមិត្តសញ្ញាប្រចាំខេត្តកំពត។
អ្នកជំនាញផ្នែកកសិកម្មមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ហេតុផលដែលទុរ៉េនកំពត មិនធ្លាក់តម្លៃ និងនៅតែទទួលបានការគាំទ្រ បញ្ហាបច្ចេកទេសដាំដុះជារឿងមួយ ប៉ុន្តែរសជាតិទុរ៉េនខេត្តកំពត មានភាពឈ្ងុយឆ្ងាញ់ មិនអាចមានខេត្តណាប្រៀបបានឡើយ។
លោកបន្តថា “រសជាតិពិសេសរបស់ទុរ៉េន ខេត្តកំពត ដោយសារគុណភាពដី ខ្យល់អាកាស និងជីវជាតិដីមានភាពអំណោយផលខ្ពស់ បើធៀបនឹងតំបន់ឬខេត្តដទៃទៀតនៅកម្ពុជា” ៕