ក្រុមហ៊ុន Nissan គ្រោង​លក់​ភាគហ៊ុន១,៥៤%របស់ខ្លួន​នៅក្នុង​ក្រុមហ៊ុនផលិត​រថយន្ត​អាល្លឺម៉ង់ Daimler

ដោយៈ​សុខុម

ហ្សា​ការ​តា: ក្រុមហ៊ុន Nissan កាលពី​ថ្ងៃ​ពុធ ទី៥ ឧសភា បានប្រកាស​លក់​ភាគហ៊ុន​ទាំង១,៥៤%របស់ខ្លួន នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​យក្ស របស់​អាល្លឺម៉ង់ Daimler ក្នុងតម្លៃ១,៤ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​សារព័ត៌មាន The Jakarta Post ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី៥ ឧសភា។

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ស្ដារ​ប្រាក់ចំណេញ និង​ស្ដារ​កេរ្ដិ៍ឈ្មោះ​របស់ខ្លួន​ឡើងវិញ ក្រោយ​លោក Carlos Ghosn នាយក​ប្រតិបត្តិ​របស់ខ្លួន បាន​ចុះ​ចេញពី​តំណែង ហើយ​បច្ចុប្បន្ន​អតីត​នាយក​ប្រតិបត្តិ​រូបនេះ​កំពុង​មានទោស និង​រត់គេចខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​នេះ​និយាយថា ការដក​ទុនវិនិយោគ​នេះ នឹង​អនុញ្ញាតឱ្យ​ខ្លួន”ពង្រឹង​បន្ថែមទៀត និង​បង្កើន​ការប្រកួតប្រជែង​របស់​ខ្លួន​ក្នុង​អាជីវកម្ម” ។

ក្រុមហ៊ុន​នេះ​និយាយទៀតថា ប្រតិបត្តិការ​ឧស្សាហកម្ម​របស់ខ្លួន ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Daimler នៅតែ​រក្សាទុក​មិន​ផ្លាស់ប្ដូរ​ទេ ហើយ​ថា “ក្រុមហ៊ុន​ទាំង២នៅតែ​បន្តធ្វើ​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន” ។

កាលពី​ខែមីនា ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង Renault ក៏បាន​ប្រកាស​លក់​ភាគហ៊ុន​ទាំង១,៥៤%របស់ខ្លួន​នៅក្នុង​ក្រុមហ៊ុន​Daimler ផងដែរ ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង មួយ​នេះ បាន​រង​ការខាតបង់​ធ្ងន់ធ្ងរ មិន​ធ្លាប់មាន​នៅក្នុង​ឆ្នាំ២០២០ ដោយសារ​វិបត្តិ​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ក្រុមហ៊ុន Nissan បានធ្វើការ​ព្យាករណ៍​ជាថ្មី សម្រាប់​រយៈពេល​មួយឆ្នាំ​នេះ​ថា ខ្លួន​នឹង​ទទួលរង​ការខាតបង់ ប្រាក់សុទ្ធ​រហូតដល់៥៣០ពាន់​លាន​យ័ន (៤,៨ពាន់​លាន​ដុល្លារ) សម្រាប់​ឆ្នាំសារពើពន្ធ​គិត​ត្រឹម​ខែមីនា គឺ​ទាប​ជាង​ការព្យាបាល​លើក​មុន។

ក្រុមហ៊ុន Nissan ដែល​នៅតែ​រក្សា​ភាពជា​ដៃគូ សហការ​ជាមួយ​ក្រុមហ៊ុន Renault និង​ក្រុមហ៊ុន Mitsubishi នឹង​ប្រកាស​លទ្ធផល​ប្រាក់ចំណូល​ប្រចាំឆ្នាំ របស់ខ្លួន​នៅ​សប្ដាហ៍​ក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here