ដោយៈវឌ្ឈនៈ
ភ្នំពេញៈ អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង នៅតែបន្តកៀងគរវិនិយោគិននិងធុរជនកូរ៉េ ចូលបណ្ដាក់ទុនវិនយោគនៅក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញជូនវិនិយោគិនកូរ៉េ អំពី សក្ដានុពលតាមវិស័យនានានៅកម្ពុជា។
លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានបង្ហាញដល់វិនិយោគិន ធុរជនកូរ៉េខាងត្បូងពីសក្ដានុពលនៃវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា ដោយបានលើកឡើងពីលក្ខខណ្ឌ និងភាពងាយស្រួលសម្រាប់វិនិយោគិនធុរជន កូរ៉េចូលបណ្ដាក់ទុននៅកម្ពុជា ។
យោងតាមសេចកក្តី ប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងអោយដឹងថា វិនិយោគិន ធុរជន និងពាណិជ្ជករកូរ៉េជាច្រើន បានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថានៅពេលចប់វិបត្តិនៃជំងឺកូវីដ១៩ វិនិយោគិនធុរជន និងពាណិជ្ជករកូរ៉េខាងត្បូងនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគនានាទៅតាមជំនាញរបស់ពួកគេ ។
លោកឡុង ឌីម៉ង់បានឱ្យដឹងថា “វិនិយោគិនមួយចំនួន បានលើកឡើងអំពីបំណងធ្វើដំណើរទៅប្រទេសកម្ពុជាឆាប់ៗ ហើយចង់ឃើញផ្ទាល់អំពីកម្ពុជា ដែលធ្វើឱ្យគាត់ស្រលាញ់កម្ពុជាយ៉ាងខ្លាំង” ។
លោកក៏បានស្នើសុំបន្ថែម ជាមួយសាធារណជនដែលបានជួបផ្ទាល់ ជួយចែករំលែកព័ត៌មាន តំបន់ទេសចរណ៍ និងសក្ដានុពលរបស់កម្ពុជា ដែលពួកគាត់បានឃើញ និងដឹងក្នុងបទបង្ហាញ ទៅដល់មិត្តភក្ដិ ក្រុមគ្រួសារ និងអ្នកដែលគាត់ស្គាល់ ហើយបើសិនជាមានចម្ងល់ អាចទាក់ទងក្រុមការងារស្ថានទូតបាន។
ម្យ៉ាងទៀត បងប្អូនសហគមន៍ខ្មែរ ជាពិសេសពលករកម្ពុជា ក៏អាចជាទូតសុឆន្ទៈ ក្នុងការជួយផ្សព្វផ្សាយ សក្ដានុពល ទីរមណីយដ្ឋានទេសចរណ៍ វប្បធម៌រុងរឿងនិងស្ថេរភាព ក្នុងការវិនិយោគទៅដល់ថៅកែកូរ៉េ ឬជនជាតិកូរ៉េផ្សេងទៀត ដើម្បីទាក់ទាញចិត្តរបស់ពួកគាត់ឲ្យទៅកម្ពុជាយើង។
កូរ៉េគឺជាវិនិយោគិនធំមួយ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងមានគម្រោងវិនិយោគជាច្រើន ក៏បាននិងកំពុងលេចធ្លោនៅកម្ពុជា ក្នុងនោះមានសំណង់អគារខ្ពស់ វិស័យកសិកម្មវិស័យឧស្សាហកម្មនិងយានយន្តជាដើម៕