ក្រុមហ៊ុន​យក្ស​របស់លោក Warren Buffett ទទួលបាន​ប្រាក់ចំណេញ​សុទ្ធជិត១២ពាន់​លាន​ដុល្លារ

ដោយៈ​សុខុម

អាមេរិក:  ក្រុមហ៊ុន​យក្ស Berkshire Hathaway (BRKB) របស់​កំពូល​មហាសេដ្ឋី​ដ៏​ជោគជ័យ​បំផុត Warren Buffett ចាប់ផ្ដើម​ទទួលបាន​ប្រាក់ចំណេញ​វិញ​ហើយ​ក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ បន្ទាប់ពី​ខាតបង់​ធ្ងន់ធ្ងរ​ជិត៥០ពាន់​លាន​ដុល្លារ អំឡុងពេល​ត្រីមាស​ទី១ ដើមឆ្នាំ២០២០ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩។

យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី១ ឧសភា​កន្លងមក​បាន​ឱ្យដឹងថា ក្រុមហ៊ុន​របស់​កំពូល​មហាសេដ្ឋី​អាមេរិក មួយ​នេះ​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ចំនួន១១,៧ពាន់​លាន​ដុល្លារ និង​ប្រាក់ចំណេញ​ប្រតិបត្តិការ៧ពាន់​លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Berkshire Hathaway កាន់កាប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន រាប់​ចាប់ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​យក្ស Geico និង​ក្រុមហ៊ុន​បណ្ដាញ​ផ្លូវដែក​ដឹកទំនិញ​ធំ​បំផុត​នៅ​ទ្វីបអាមេរិក​ខាងជើង BNSF Railway រហូតដល់​ប្រ៊ែ​ន​ផលិតផល​ល្បីល្បាញ​បំផុត​ដូចជា​ហាង​ការ៉េម និង​អាហារសម្រន់ Dairy Queen ក្រុមហ៊ុន​ថ្នាំលាប Benjamin Moore និង​ក្រុមហ៊ុន​ផលិត​ថ្មពិល Duracell។

ក្រុមហ៊ុន Berkshire Hathaway បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី០១ ឧសភា ថា ប្រាក់ចំណូល​សម្រាប់​អាជីវកម្ម​ផលិតកម្ម សេវាកម្ម និង​លក់រាយ​ភាគច្រើន​របស់ខ្លួន​បាន​កើនឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយនេះ នៅពេលដែល​សេដ្ឋកិច្ច​បើក​ឡើងវិញ។

ប៉ុន្តែ​ទោះបី​មាន​សុទិដ្ឋិនិយម​បែបនេះ​ក្ដី ក៏​ក្រុមហ៊ុន Berkshire Hathaway បាន​បន្ត​ជះ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ទិញយក​ភាគហ៊ុន​របស់ខ្លួន​មកវិញ ជាជាង​ទះ​លុយ​ទិញយក​ក្រុមហ៊ុន​គេ​បន្ថែមទៀត។

ក្រុមហ៊ុន Berkshire Hathaway បាន​ចំណាយ​ប្រាក់​ជិត៦.៦ពាន់​លាន​ដុល្លារ ដើម្បី​ទិញយក​ភាគហ៊ុន​លំដាប់ A និង​ភាគហ៊ុន​លំដាប់ B នៅក្នុង​ត្រីមាស​ទី១ នេះ។

ទោះបី​ក្រោយ​ការទិញ​ភាគហ៊ុន​ទាំងនោះ ក៏​សាច់ប្រាក់​របស់​ក្រុមហ៊ុន Berkshire Hathaway នៅតែ​កើនឡើង​យ៉ាងច្រើន។ ពេលនេះ​ក្រុមហ៊ុន​នេះ មាន​សាច់ប្រាក់​រហូតដល់​ទៅ​ប្រមាណ១៤៥,៤ពាន់​លាន​ដុល្លារ នៅលើ​តារាង​តុល្យការ​របស់ខ្លួន បើ​ធៀប​នឹង១៣៨,៣ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ២០២០ ។

ភាគហ៊ុន​លំដាប់ A របស់​ក្រុមហ៊ុន​នេះ​លក់ ក្នុងតម្លៃ​រហូតដល់៤១២.៥០០ដុល្លារ​ឯណោះ​នៅពេលនេះ ចំណែកឯ​ភាគហ៊ុន​លំដាប់ B លក់​ក្នុងតម្លៃ​ក្រោម២៧៥ដុល្លារ​ប៉ុណ្ណោះ​នៅក្នុង​ការជួញដូរ​កាល​ពីថ្ងៃ​សុក្រ ទី៣០ មេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here