កម្ពុជា​នាំចេញ​កៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ទឹកប្រាក់​ជិត១០០លាន​ដុល្លារ​អាមេរិក

ដោយៈ​លក្ខិណា

ភ្នំពេញៈ ទោះជា​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ក្ដី តែ​ការនាំចេញ​ផលិតផល​មួយចំនួន​របស់​កម្ពុជា នៅតែ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ ជាក់ស្ដែង​ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ ២០២១នេះ ការនាំចេញ​កៅស៊ូ​ធម្មជាតិ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ទឹកប្រាក់​ចំនួន៩៩,៨៧លាន​ដុល្លារ​អាមេរិក ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ក្នុង​របាយការណ៍​ក៏​បា​ឱ្យដឹង​ផងដែរ​ថា ក្នុង​រយៈពេល៤ខែ​ដើម​ឆ្នាំនេះ  ការនាំចេញ​កៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន៦១.០៥៦តោន ទោះបី​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ១៩ចាប់តាំងពី​ចុងខែ​កុម្ភៈ ២០២១នេះ​មក​ក្ដី ។ របាយការណ៍​ក៏បាន​បង្ហាញ​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ផ្នែក​ដំណាំ ទទួលបាន​ទឹកប្រាក់​ប្រមាណ​ជាង១.៩៦៣លាន​ដុល្លារ​អាមេរិក ខណៈ​ការនាំចេញ​សរុប​នៃ​ផលិតផល​កសិកម្ម មាន​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល៤ខែ​នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាម​ម្ចាស់​ចំការកៅស៊ូ នៅ​ស្រុក​បរ​កែវ ខេត្ត​រតនគីរី​លោក សេង ឡាំង​បានឱ្យ​បានដឹងថា នៅពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ កម្មករ​ចំការកៅស៊ូ​ទាំងអស់ នៅតែ​បំពេញការងារ​តាម​ចំការកៅស៊ូនីមួយៗ ប៉ុន្តែ​ម្ចាស់​ចំការកៅស៊ូ​បានផ្ដល់ ជា​ប្រាក់កម្រៃ​ប្រចាំថ្ងៃ​ជូន​កម្មករ​វិញ ដោយ​មិនមែនជា​ប្រាក់ខែ​ដូច​មុន​នោះទេ ។

លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍ថា ដំបូង​យើង​គិតថា នៅពេល​មាន​វិបត្តិ​កូ​វីដ១៩បែបនេះ អ្វីៗនឹងត្រូវ​អត់​ទីផ្សារ​ដូចជា​កៅស៊ូ​ជាដើម ក៏ប៉ុន្តែ​ផ្ទុយទៅវិញ ការនាំចេញ​កៅស៊ូ​បែរជា​ទទួល​លទ្ធភាព​វិជ្ជមាន​ទៅវិញ គឺ​បែរ​ជាមាន​តម្រូវការ​នៅលើ​ទីផ្សារ​អន្តរជាតិ ។

លោក​ឧកញ៉ា​បន្តថា​យ៉ាងណាក្ដី បើទោះបី​ជាមាន​នទី​ផ្សារ សម្រាប់​ផលិតផល​មួយចំនួន​ក៏​តម្លៃ​នៃ​ការលក់​ចេញ នៅមានកម្រិត តែ​វា​ក៏​ល្អប្រសើរ ដែល​អាច​លក់​ចេញទៅ​ក្រៅ​បាន ។

កម្ពុជា​បានសម្រេច​នូវ​ការចរចា​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេសធំៗមួយចំនួន ដើម្បី​បើក​ច្រក​នាំចេញ​ផលិតផល​របស់ខ្លួន ទៅកាន់​ទីផ្សារ​ទាំងនោះ ដូចជា ទីផ្សារ​ប្រទេស​ចិន និង​ទីផ្សា​ប្រទេស​កូរ៉េ ហើយ​កម្ពុជា ក៏មាន​គម្រោង​ចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​ដែលមាន​ទីផ្សារធំៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here