ក្រុមហ៊ុន​ផលិត​ឡានធំ​របស់​វៀតណាម VinFast បង្ហាញ​មហិច្ឆតា​ដណ្តើម​ចំណែក ទីផ្សារ​រថយន្ត​នៅ​អាមេរិក

ដោយៈ​សុខុម

វៀតណាម:  ប្រភព​បាន​ទម្លាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត VinFast ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ធំ​បំផុត​របស់​វៀតណាម Vingroup មាន​ហិ​ច្ឆ​តា​ធំ​គ្រោង​ប្រថុយ​ហក់​ចូលក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​កាលពី​ថ្ងៃទី៣០ មេសា។

ក្រុមហ៊ុន​នេះ​សង្ឃឹមថា រថយន្ត​អគ្គិសនី​ប្រភេទ USV និង​គម្រោង​ជួល​អាគុយ​របស់ខ្លួន នឹងមាន​លក្ខណសម្បត្តិ​ទាក់ទាញ​គ្រប់គ្រាន់ ដើម្បី​ដណ្ដើម​អតិថិជន​ពី​ក្រុមហ៊ុន​ផលិត​រថយន្តកំពូលៗរបស់​សហរដ្ឋអាមេរិក ដូចជា​ក្រុមហ៊ុន Tesla និង General Motors Co ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​ដែល​បច្ចុប្បន្ន ជាប់​ចំណាត់ថ្នាក់​លេខ៥នៅ​វៀតណាម​មួយ​នេះ គ្រោង​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​សហរដ្ឋអាមេរិក ហើយ​តម្លៃ​សរុប​របស់​ក្រុមហ៊ុន​នេះ អាច​នឹង​ឈានដល់៦០ពាន់​លាន​ដុល្លារ​ឯណោះ។

លោកស្រី Nguyen Thi Van Anh នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VinFast បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុមហ៊ុន​របស់លោក​ស្រី មាន​គម្រោង​ហក់​ចូល​ទីផ្សារ​អាមេរិក​ខាងជើង និង​អឺរ៉ុប នៅ​ឆ្នាំ២០២២ ។

ក្នុង​បទសម្ភាសន៍​មួយ នៅ​រោងចក្រ​ដ៏​ធំ​ល្វឹងល្វើយ​របស់​ក្រុមហ៊ុន VinFast ជិត​កំពង់ផែ​ក្រុង Haiphong ប្រទេស​វៀតណាម លោកស្រី Nguyen Thi Van Anh បាន​លើកឡើងថា “យើង​នឹង​ហក់​ចូល​ទីផ្សារ​អាមេរិក​ខាងជើង សហរដ្ឋអាមេរិក កាណាដា និង​អឺរ៉ុប ក្នុងពេល​ជាមួយគ្នា។ ហើយ​នៅ​អឺរ៉ុប យើង​នឹង​ហក់​ចូល​ទីផ្សារ​អាល្លឺម៉ង់ បារាំង និង​ហូ​ឡង់។

បង្កើតឡើង​ក្នុង​ឆ្នាំ២០១៧ ដោយ​មនុស្ស​មួយក្រុម ដែល​ដឹកនាំ​ដោយ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន General Motors Co ក្រុមហ៊ុន​នេះ មាន​គោលដៅ​ប្រកួតប្រជែង​លើ​ទំហំ​រថយន្ត និង​តម្លៃ ហើយ​លោកស្រី Nguyen Thi Van Anh បាន​ពោល​សរសើរ​ថា រថយន្ត VinFast “ប្រណីត​ជាង” រថយន្ត​ដែលមាន​លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន។

រថយន្ត VinFast ក៏​នឹង​ភ្ជាប់​មកជា​មួយ​នូវ​គម្រោង​ជួល​អាគុយ​ផងដែរ។ នោះ​មានន័យថា តម្លៃ​អាគុយ​ដែលជា​ផ្នែក​ដ៏​ថ្លៃ​បំផុត​មួយ នៃ​រថយន្ត​អគ្គិសនី នឹងមិន​រាប់បញ្ចូល​ក្នុងតម្លៃ​ចុងក្រោយ​ឡើយ ដែល​ធ្វើឱ្យ​រថយន្ដ​មានតម្លៃ​ធូរ​ថ្លៃ​ច្រើនជាង​ធម្មតា។

យោងតាម​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​បង្ហាញថា រថយន្ត VinFast នឹងមាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​អគ្គិសនីផ្សេងៗទៀត។

ជាទូទៅ​រថយន្ត SUV របស់ Tesla លក់​ក្នុងតម្លៃ​ប្រមាណ៥០.០០០ដុល្លារ ប៉ុន្តែ​លោកស្រី Nguyen Thi Van Anh ដែល​គ្រោង​ផ្លាស់​ទីលំនៅ​ពី​ក្រុង​ហាណូយ ទៅ​រស់នៅ​រដ្ឋ​ឡូ​ស​អែន​ជើ​ឡេស នៅ​ខែឧសភា​នេះ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក មិនបាន​បង្ហើប​ពី​តម្លៃ​រថយន្ត VinFast នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here