ការសិក្សា: ស្ត្រី​បាត់បង់​ប្រាក់ចំណូល​ដល់៨០០ពាន់​លាន​ដុល្លារ ច្រើនជាង GDP ៩៨ប្រទេស​រួម​ញ្ចូ​ល​គ្នា​ទៅទៀត

ដោយៈ​សុខុម

ញូវយ៉ក: ពិតណាស់ វិបត្តិ​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​បង្ក​វិនាសកម្ម​ដ៏​សោកសៅ​ទូទាំង​ពិភពលោក ដោយ​មនុស្ស​រាប់លាន​នាក់​បាន​បាត់​បង់ជីវិត ហើយ​រាប់រយ​លាន​នាក់​ទៀត​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ។

មិនតែប៉ុណ្ណោះ វីរុស​នេះ​ក៏បាន​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ដាំ​ក្បាល​ចុះ អាជីវកម្ម​នានា ត្រូវ​បង្ខំចិត្ត​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ខ្លះ​ត្រូវ​ប្រកាស​ក្ស័យធន មនុស្ស​ជាច្រើន​បាត់បង់​ការងារ គ្មានអ្វី​ផ្គត់ផ្គង់​គ្រួសារ ហើយ​ក្នុងនោះ​ក៏បាន​ធ្វើឱ្យ​ស្ត្រី​បាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន​សន្ធាប់​មិន​នឹកស្មាន​ដល់​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃ២៩ មេសា​ឱ្យដឹងថា របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​អង្គការ Oxfam International បានបង្ហាញ​គួរឱ្យភ្ញាក់ផ្អើល​ថា នៅ​ទូទាំង​ពិភពលោក ស្ត្រី​បាន​បាត់បង់​ប្រាក់ចំណូល​យ៉ាងតិច៨០០ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២០ ។

អង្គការ​នេះ​និយាយថា “ទំហំ​ទឹកប្រាក់​នេះ គឺ​ច្រើនជាង​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៃ​ប្រទេស​ចំនួន៩៨រួមបញ្ចូល​គ្នា​ទៅទៀត” ។

លោកស្រី Gabriela Bucher នាយក​ប្រតិបត្តិ​អង្គការ Oxfam International ថ្លែងថា ការបាត់បង់​ប្រាក់ចំណូល​សរុប​នេះ មិនទាន់បាន​រាប់បញ្ចូល “ប្រាក់​ឈ្នួល​ដែល​ស្ត្រី​រាប់លាន​នាក់ ធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចជា ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ អាជីវករ​លក់ដូរ​នៅ​ទីផ្សារ និង​កម្មករ​កាត់ដេរ” ផង​ទេ។

លោកស្រី​លើកឡើង​បន្ថែមទៀតថា “វិបត្តិ​កូ​វីដ-១៩ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រាក់ចំណូល របស់​ស្ត្រី​នៅក្នុង​កម្លាំង​ការងារ” ។

យោងតាម​អង្គការ Oxfam International ឱ្យដឹងថា នៅ​ទូទាំង​ពិភពលោក ស្ត្រី​បាន​បាត់បង់​ការងារ​ចំនួន៦៤លាន​កន្លែង ក្នុង​ឆ្នាំ២០២០ ដែល​ស្មើនឹង៥%នៃ​ការងារ​ទាំងអស់​ដែល​ស្ត្រី​មាន បើ​ធៀប​នឹង​ការបាត់បង់​ការងារ៣,៩%សម្រាប់​បុរស៕

LEAVE A REPLY

Please enter your comment!
Please enter your name here