ដោយៈសុខុម
ម៉ាឡេស៊ី: គណៈកម្មការទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី (MCMC) គ្រោងដំឡើងអង់តែនទូរគមនាគមន៍ថ្មីៗ ចំនួន៧៤២ទីតាំងនៅជាយក្រុង និងតំបន់ជនបទក្នុងរដ្ឋ Sarawak ដោយចាប់ផ្ដើមនៅដើមឆ្នាំនេះ។
យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី២៩ មេសា ឱ្យដឹងថា គម្រោងដែលស្ថិតក្រោមផែនការ បណ្តាញឌីជីថលថ្នាក់ជាតិ (JENDELA) នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យការគ្របដណ្តប់សេវាអ៊ីនធឺណិតកាន់តែប្រសើរឡើង។
ទូរគមនាគមន៍ម៉ាឡេស៊ី បានចេញសេចក្ដីថ្លែងការណ៍ក្នុងថ្ងៃដដែលថា ការងារដំឡើងអង់តែនចំនួន១០៦ទីតាំង បានចាប់ផ្តើមក្នុងខែនេះ ហើយការងារដំឡើងអង់តែនចំនួន៦៣៦ទីតាំងទៀត អាចនឹងចាប់ផ្តើមក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២១នេះ។
តាមការរំពឹងទុកថា អង់តែនទូរគមនាគមន៍ទាំង៧៤២ទីតាំងនេះ នឹងបញ្ចប់ទាំងស្រុងនៅត្រីមាសទី៤ ចុងឆ្នាំ២០២២ ដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន 4G ។
ទូរគមនាគមន៍ម៉ាឡេស៊ី បញ្ជាក់ថា ស្ថានីយបញ្ជូនសេវាអ៊ីនធឺណិតចំនួន១.២៨៣កន្លែងត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ជាមួយសេវាអ៊ីនធឺណិតល្បឿនលឿន 4G កាលពីឆ្នាំមុន ហើយស្ថានីយចំនួន១.៦០៦កន្លែងផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការកែលម្អនៅដើមឆ្នាំនេះ។
ទូរគមនាគមន៍ម៉ាឡេស៊ី និយាយថា “ក្រោមគំនិតផ្តួចផ្តើម JENDELA ទូរគមនាគមន៍ម៉ាឡេស៊ី ក៏នឹងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីផ្តល់សេវាអ៊ីនធឺណិតលើរលកអាកាសតាមរយៈផ្កាយរណប ដោយក្នុងនោះចំនួន៥២៣ទីតាំង ត្រូវបានកំណត់នៅក្នុងរដ្ឋ Sarawak ហើយពេលនេះកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃការដេញថ្លៃ” ។
សម្រាប់គម្រោងនេះ ទូរគមនាគមន៍ម៉ាឡេស៊ី គ្រោងសម្រេចគោលដៅដំឡើងអង់តែនឱ្យបាន៤៣.០១៣ទីតាំងនៅក្នុងរដ្ឋ Sarawak ដើម្បីទទួលបានបណ្ដាញខ្សែកាបអុបទិកសម្រាប់ផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន៕