កាស៊ីណូ​អន​ឡាញ​រាប់សិប​របស់​ចិន​ដក​ចេញពី​ហ្វីលីពីន ដោយសារ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩

ដោយៈ​សុខុម

ក្រុង​ម៉ានីល:  សារព័ត៌មាន The Edge Markets បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២៨ មេសា​ថា ប្រហែល​ពាក់កណ្តាល​នៃ​កាស៊ីណូ​អន​ឡាញ ជាង៦០នៅក្នុង​ប្រទេស​ហ្វីលីពីន បាន​បិទ​ដំណើរការ​ជា​អចិន្ត្រៃយ៍ ដោយសារ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ធ្វើឱ្យ​បុគ្គលិក​ជា​ជនជាតិ​បរទេស ដល់​ទៅ៣០.០០០នាក់​ត្រូវ​បាត់បង់​ការងារ។

ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​តាម Video Call លោកស្រី Andrea Domingo ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ Philippine Amusement & Gaming Corp លើកឡើងថា ប្រាក់ចំណូល​ពី​ល្បែង​របស់​កាស៊ីណូ លោកស្រី​អាច​នឹង​ធ្លាក់ចុះ​ខ្លាំង មក​នៅត្រឹម១៦ពាន់​លាន​ប៉េ​សូ (៧៩៨លាន​ដុល្លារ​អាមេរិក) នៅ​ឆ្នាំនេះ បើ​ធៀប​នឹង​ប្រមាណ៣០ពាន់​លាន​ប៉េ​សូ (១.៤៩៦លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ២០២០ ខណៈ​វិធានការ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩នៅតែ​បន្ត​អនុវត្តន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​ថ្លែងថា ប្រាក់ចំណូល​ពី​កាស៊ីណូ​អន​ឡាញ ដែល​ភាគច្រើន​ទទួល​បានតែ​ភ្ញៀវ​ជនជាតិ​ចិន ទំនងជា​ទទួលបាន​តិចជាង​ពាក់កណ្ដាល នៃ​ប្រាក់ចំណូល​ជាធម្មតា​ចន្លោះ​ពី៨ពាន់​លាន​ប៉េ​សូ (៣៩៨លាន​ដុល្លារ​អាមេរិក) ទៅ៩ពាន់​លាន​ប៉េ​សូ (៤៤៨លាន​ដុល្លារ​អាមេរិក)។ លោកស្រី​ថា កាស៊ីណូ​អន​ឡាញ​ខ្លះ បាន​បើក​ដំណើរការ​ឡើងវិញ​កាលពី​ខែធ្នូ។

ទាក់ទិន​បុគ្គលិក​កាស៊ីណូ លោកស្រី​និយាយថា “កម្លាំង​ការងារ​ពិត​ជាមាន​បញ្ហា។ ជនជាតិ​ចិន មក​ប្រទេស​ហ្វីលីពីន​មិនបាន​ទេ ដូចនេះ​ក៏​គ្មាន​អ្នក​ភ្នាល់​ល្បែង​នោះដែរ” ។ លោកស្រី​ថា បុគ្គលិក​កាស៊ីណូ ដែល​បាន​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន ក្នុង​ឆ្នាំ២០២០ មិនអាច​ត្រលប់​មកវិញ​បានទេ ដោយសារ​ការបិទ​ខ្ទប់ ហើយ​បុគ្គលិក​ក្នុងស្រុក​ក៏មាន​មិន​គ្រប់គ្រាន់​ទៀត។

លោកស្រី​គូសបញ្ជាក់ថា កាស៊ីណូ​មួយចំនួន​ទំនងជា​រើចេញ ទៅកាន់​ប្រទេស​វៀតណាម ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ម៉ាឡេស៊ី។ ចំណែកឯ​កាស៊ីណូ​អន​ឡាញធំៗប្រហែលជា​ត្រលប់មក​ប្រទេស​ហ្វីលីពីន​វិញ នៅពេល​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ធូរស្រាល និង​មាន​ភាពច្បាស់លាស់ លើ​សំណើ​យកពន្ធ​លើ​ឧស្សាហកម្ម​ស្បែង​ស៊ីសង។

លោកស្រី​បាន​បន្តថា “វិស័យ​អចលនទ្រព្យ ក៏​ទទួលរង​ផលប៉ះពាល់​ដែរ ដោយសារ​ការបិទ​ខ្ទប់​នេះ នៅពេល​បុគ្គលិក​កាស៊ីណូ​អន​ឡាញ រើ​ចេញពី​ការិយាល័យ និង​អគារ​ស្នាក់នៅ” ។

ទោះជា​យ៉ាងណា ដើម្បី​ទប់​ការខាតបង់ ទីភ្នាក់ងារ​គ្រប់គ្រង​វិស័យ​ល្បែងស៊ីសង​បាន​ស្នើឱ្យ​ក្រុមការងារ​បិទ​ខ្ទប់ អនុញ្ញាតឱ្យ​កាស៊ីណូ​ដែល​បើក​ភ្នាល់​ល្បែង ផ្ទាល់​នៅនឹងកន្លែង​ដំណើរការ​ពាក់កណ្ដាល នៃ​សមត្ថភាព​របស់ខ្លួន ក្រោម​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដ៏​តឹងរ៉ឹង​នៅ​ក្រុង​ម៉ានីល៕

LEAVE A REPLY

Please enter your comment!
Please enter your name here