ដោយៈសុខុម
ភ្នំពេញ: គម្រោងអភិវឌ្ឍន៍សណ្ឋាគារធំៗ នៅជុំវិញពិភពលោករួមទាំងនៅកម្ពុជា យើងផង ដែលផ្ដល់សេវាគាំទ្រដោយក្រុមហ៊ុនអន្តរជាតិ Turn Key Hospitality Services’ (TKHS) នៅតែអាចបន្តដំណើរការដោយរលូន ទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន tophotel.news ចុះផ្សាយកាលពីថ្ងៃទី២៧ មេសា។
អំឡុងឆ្នាំ២០២០ ក្រុមហ៊ុន TKHS ដែលជាអ្នកឯកទេសខាងផ្ដល់ការសេវាគាំទ្រដល់អ្នកអភិវឌ្ឍន៍គម្រោងសណ្ឋាគារ លំដាប់ស្ដង់ដារអន្តរជាតិ នៅតែបន្តផ្ដល់សេវាគាំទ្រផ្នែក FF&E (គ្រឿងតាំងភ្ជាប់ គ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារ) និង OS&E (សម្ភារៈប្រើប្រាស់ដូចជា ម៉ាស៊ីនផ្លុំសក់ ឆ្នាំងអ៊ុត តម្ពក់ព្យួរខោអាវ កន្សែងពោះគោ ចានឆ្នាំង និងកែវជាដើម)សម្រាប់គម្រោងអភិវឌ្ឍន៍សណ្ឋាគារ នៅជុំវិញពិភពលោករាប់ចាប់ពីប្រទេសស៊ីប នៅអឺរ៉ុប និងប្រទេសដែនកោះម៉ាល់ឌីវ នៅមហាសមុទ្រឥណ្ឌា រហូតដល់ប្រទេសអូស្ត្រាលី។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន TKHS មានមោទនភាពណាស់ ដែលទទួលបានឱកាសផ្ដល់សេវាគាំទ្រ ដល់ក្រុមហ៊ុន Chip Mong Group សម្រាប់គម្រោងអភិវឌ្ឍន៍ សណ្ឋាគារផ្កាយ៥ស្តង់ដារ លំដាប់ពិភពលោក Hyatt Regency Phnom Penh នៅរាជធានីភ្នំពេញ។
សណ្ឋាគារលំដាប់ពិភពលោកនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៨ ក្រោយព្រះបរមរាជវាំង ជិតសារមន្ទីរជាតិដែលជាបេះដូង នៃរាជធានីភ្នំពេញ ។ សណ្ឋាគារនេះមានកម្ពស់១៤ជាន់ សាងសង់នៅលើដីប្រមាណ១៤.០០០ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន២៤៧បន្ទប់ ព្រមជាមួយនឹងសេវាកម្ម ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំ អាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃព្រះបរមរាជវាំង ទន្លេមេគង្គ និងទន្លេសាប។
ទោះបីជាជួបបញ្ហាប្រឈមជាច្រើន ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទូទាំងពិភពលោក និងការរឹតបន្តឹងលើការដឹកជញ្ជូនតាមនាវាពីអឺរ៉ុប និងអាស៊ី យ៉ាងណាក្ដី ក៏ក្រុមហ៊ុននេះ នៅតែប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដឹកជញ្ជូនសម្ភារៈផ្គត់ផ្គត់បានទាន់ពេលវេលាគួរឱ្យស្ញើចសរសើរ។
ប្រទេសកម្ពុជា មានលក្ខខណ្ឌតម្រូវខុសគេ និងមានលក្ខណៈស្មុគស្មាញនៅក្នុងការជម្រះពន្ធគយ។ ទោះជាយ៉ាងណា ដោយសារក្រុមហ៊ុន TKHS មានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងវិស័យនេះ លក្ខខណ្ឌ និងដំណើរការជម្រះពន្ធគយត្រូវបានដោះស្រាយដោយរលូន និងមានប្រសិទ្ធភាព៕