ក្រុមហ៊ុន Macquarie ទិញយក​ក្រុមហ៊ុន​គ្រប់គ្រង​សំរាម Bingo ក្នុងតម្លៃ ១,៧៦ពាន់​លាន​ដុល្លារ​អាមេរិក

ដោយៈ​សុខុម

ស៊ីដនី: បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ពហុ​ជាតិ​សាសន៍ Macquarie Group Ltd បាន​ព្រមព្រៀង​ទិញយក​ក្រុមហ៊ុន​គ្រប់គ្រង​សំរាម Bingo Industries Ltd ក្នុងតម្លៃ១,៧៦ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​យាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​កាលពី​ថ្ងៃ២៧ មេសា។

ក្រុមហ៊ុន​គ្រប់គ្រង​សំរាម​អូស្ត្រាលី មួយ​នេះ​និយាយថា ប្រាក់ចំណូល​របស់ខ្លួន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ផ្ដើមចេញ​អាជីវកម្ម​ផលិត​ធុងសំរាម លក្ខណៈ​គ្រួសារ​តូច​មួយ​នៅ​ក្រុង​ស៊ីដនី ភាគ​ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី ក្រុមហ៊ុន Bingo នៅពេល​បច្ចុប្បន្ន​ដំណើរការ​បណ្តាញ​កែច្នៃ​សំរាម​ធំ​បំផុត នៅក្នុង​រដ្ឋ New South Wales និង​រដ្ឋ Victoria។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ទិន្នន័យ ដែល​ប្រមូលបាន​ដោយសារ​ព័ត៌មាន Bloomberg បង្ហាញថា ប្រាក់ចំណូល​សុទ្ធ​របស់​ក្រុមហ៊ុន​Bingo នៅក្នុង​ឆ្នាំសារពើពន្ធ​បញ្ចប់​ត្រឹម​ខែមិថុនា ឆ្នាំ២០២០ បាន​កើនឡើង​ជិត៣ដង ដែលមាន​ទំហំ​ទឹកប្រាក់ រហូតដល់​ជាង៥១លាន​ដុល្លារ​អាមេរិក។

នេះ​មិនមែនជា​ក្រុមហ៊ុន​ដំបូង​នោះឡើយ ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Macquarie Infrastructure and Real Assets បាន​ទិញយក​នៅក្នុង​ឧស្សាហកម្ម​គ្រប់គ្រង​សំរាម។

ការវិនិយោគមុនៗ របស់​ក្រុមហ៊ុន​នេះ​រួមមាន GFL Environmental Inc ដែលជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ធំ​មួយ​នៅ​ទ្វីបអាមេរិក​ខាងជើង និង​ក្រុមហ៊ុន Wheelabrator Technologies Inc ដែល​បំប្លែង​សំរាម​ក្នុង​ទីក្រុង ទៅជា​ថាមពល​នៅ​សហរដ្ឋអាមេរិក ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here