ប្រធាន​អង្គការ WTO: ការធ្វើកំណែទម្រង់​ពាណិជ្ជកម្ម​ដើម្បី​គាប​មហា​យក្ស​ចិននឹងមិន​បាន​ផល​ឡើយ

ដោយៈ​សុខុម

ក្រុង​ព្រុ​ច​សែ​ល:  ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បានលើកឡើង​កាលពី​ថ្ងៃ​ច័ន្ទ ទី២៦ មេសា​ថា មហា​យក្ស​ចិន ទំនងជា​បន្ទន់ឥរិយាបថ​ទទួលយក​កំណែទម្រង់​ពាណិជ្ជកម្ម​ពិភពលោក​បានល្អ​ជាង ប្រសិនបើ​ចិន​យល់ថា កំណែទម្រង់​ទាំងនោះ​មិនមែនជា​ខ្លេ ដែល​បណ្ដា​ប្រទេស​មហាអំណាច​ផ្សេងទៀត ប្រើ​ដើម្បី​គាប​ខ្លួន។  នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Edge Markets។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារ​ការព្រួយបារម្ភ​អំពី​ឥទ្ធិពល នៃ​បណ្ដា​ក្រុមហ៊ុន​សហគ្រាស ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​មហា​យក្ស​ចិន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន បាន​ពួតដៃគ្នា​ព្យាយាម​ប្រើ​គ្រប់​វិធី ដើម្បី​ទប់ស្កាត់​ការឧបត្ថម្ភ​ធន​ឧស្សាហកម្ម ដែល​ពួកគេ​និយាយថា ជះ​ផល​អាក្រក់​ដល់​សេដ្ឋកិច្ចពិភពលោក។

ទោះជា​យ៉ាងណា សំណើ​របស់​ប្រទេស​ទាំងនោះ ទាមទារ​ឱ្យមាន​ការអនុម័ត​យល់​ព្រម​ជា​ឯកច្ឆន្ទ ពី​សមាជិក​ទាំង១៦៤របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួមមាន​ទាំង​ប្រទេស​ចិន​ផងដែរ។ ប្រទេស​ទាំងនោះ​ក៏​ទាញ​ទឡ្ហីករណ៍​ថា មហា​យក្ស​ចិន មិនគួរ​ទទួលបាន​អត្ថ​ប្រ​យោ​ជ ន៍​ពី​សម្បទាន​សម្រាប់​បណ្ដា​ប្រទេស កំពុងអភិវឌ្ឍន៍​តទៅទៀត​ឡើយ ពីព្រោះ​ប្រទេស​នេះ កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះ ទៅរក​ការ​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​ទៅហើយ។

លោកស្រី Ngozi Okonjo-Iweala អគ្គលេខាធិការ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ថ្លែង​ក្នុង​សន្និសីទ ដែល​រៀបចំ​ដោយ​គណៈកម្មការ​អឺរ៉ុប​ថា “យើង​ក៏​ត្រូវតែ​បង្ហាញ​ដែរ​ថា ប្រទេស​ចិន​មិនត្រូវ​បាន​គេ​គាប​ឡើយ។ ហើយ​បើ​ប្រទេស​ចិន នៅតែមាន​អារម្មណ៍​ថា ខ្លួន​ត្រូវគេ​គាប នោះ​ជា​រឿង​របស់​ចិន ព្រោះ​អ្នកឯង (ចិន) មាន​អ្នកប្រឆាំង​ជំទាស់​ច្រើន” ។

លោកស្រី​បន្ថែមថា “ការដោះស្រាយ​ដែល​ខ្ញុំ​ធ្វើ​ជាមួយ​ប្រទេស​ចិន គឺមាន​លក្ខណៈ​ស្ថាបនា​បំផុត ហើយ​ខ្ញុំ​យល់ថា ប្រសិនបើ​យើង​ដាក់​អង្គហេតុ អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន ដែល​បង្កឡើង​ពី​ការឧបត្ថម្ភ​ឧស្សាហកម្ម​បែបនេះ ហើយ​ចែករំលែក​ជាមួយ​ប្រទេស​ចិន នោះ​ពួកគេ (ចិន) នឹងមាន​ឆន្ទៈ​ពិនិត្យមើល​វា” ។

ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រូបនេះ បានលើកឡើង​ទៀតថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង គួរតែ​ដឹងថា គោលនយោបាយ​របស់ខ្លួន មិន​ត្រឹមតែ​ជះ​ផលប៉ះពាល់​ដល់​បណ្ដា​ប្រទេស​អ្នកមាន ដែល​កំពុងធ្វើការ​តវ៉ា​នោះទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផងដែរ។

លោកស្រី​គូសបញ្ជាក់ថា ប្រទេស​ចិន អាចនឹងទទួល​យកបាន​ច្រើនជាង​នេះ ប្រសិនបើ​ខ្លួន​ឃើញ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោះស្រាយ​ការឧបត្ថម្ភ​ធន​ប្រភេទផ្សេងៗទៀត។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចង់​ទប់ស្កាត់​ការឧបត្ថម្ភ​ធន សម្រាប់​វិស័យ​កសិកម្ម ដែលមាន​ជាទូទៅ​នៅក្នុង​ទីផ្សារ​អភិវឌ្ឍន៍ និង​ទីផ្សារ​កំពុង​រីកចម្រើន ដែលជា​ញឹកញាប់​ធ្វើឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​បាត់បង់​ប្រយោជន៍។

លោកស្រី Okonjo-Iweala បាន​បញ្ជាក់ថា “ការឧបត្ថម្ភ​ធន​កសិកម្ម​ទូទាំង​ពិភពលោក មាន​ទំហំ​សរុប​រហូតដល់ ប្រមាណ១ទ្រី​លាន​ដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំៗ ហើយ​អាច​នឹង​ឈានដល់២ទ្រី​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆ្នាំ២០៣០” ។

លោកស្រី​លើកឡើងថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពេលនេះ កំពុងធ្វើការ​ជាមួយ​ធនាគារពិភពលោក (World Bank) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​អង្គការ​សម្រាប់​ការអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) លើ​ការសិក្សា​អំពី​ការឧបត្ថម្ភ​ធន​ជាទូទៅ​ដើម្បី “ដាក់​អង្គហេតុ​មួយចំនួន​នៅលើ​តុ​ពិភាក្សា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here