ចំការ​ស្វាយ​ចំនួន៣៧និង​រោងចក្រ​ចំនួន៥ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចេញ​ស្វាយទៅកាន់​ប្រទេស​ចិន

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី ២៦ ខែមេសា​កន្លងមកនេះ បានប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចំការ​ស្វាយ និង​រោងចក្រ​វេច​ខ្ចប់​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

ការប្រកាស​នេះ​បានន័យថា គឺជា​ការបញ្ចប់​នូវ​នីតិវិធី​ចុងក្រោយ​បំផុត​នៃ​ការនាំ​ផ្លែស្វាយ​កម្ពុជា​ទៅ​ប្រទេស​ចិន​ដោយ​ភាគី​ទាំងពីរ ខណៈ​មាន​ចម្ការ​ស្វាយ​ចំនួន៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន៥ ដែល​បាន​ចុះបញ្ជី​លើក​នេះ សម្រាប់​នាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​ប្រទេស​ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រ​វេច​ខ្ចប់​ទាំង ៥ ខាងលើ​រួមមាន៖ ក្រុមហ៊ុន Hyundai Mao Legacy;ក្រុមហ៊ុន​Shangda Jian hui International Agriculture Product and Logistic;ក្រុមហ៊ុន​Al Jazeelan Food;ក្រុមហ៊ុន​Long Wo Agriculture (Cambodia)និង​ក្រុមហ៊ុន​Boeung Ket Fresh Fruits។

កាលពី​ខែមិថុនា​ឆ្នាំ ២០២០កន្លងមក​ប្រទេស​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​លើ​ពិធីសារ​ស្តីពី “លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន” ។

នៅ​ថ្ងៃទី១០ខែ​មិនា​ឆ្នាំ២០២១ ភាគី​ចិន បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ធ្វើការ​ត្រួតពិនិត្យ​ជា​ផ្លូវការ ចំពោះ​ការស្នើសុំ​ចុះបញ្ជី​នូវ​ចំការ​ស្វាយ និង​រោងចក្រ​វេច​ខ្ចប់​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន ត្រួតពិនិត្យ​ហើយ​អនុម័ត និង​បានប្រកាស​យល់ព្រម​ជា​ផ្លូវការ។ ផ្លែស្វាយ​កម្ពុជា​បានក្លាយ​ជា​ផ្លែឈើ​ស្រស់​ទី២ ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​ដោយផ្ទាល់​បន្ទាប់ពី​ផ្លែ​ចេក។

នេះ​គឺជា​សមិទ្ធិផល​ដ៏​សំខាន់​មួយទៀត នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​កម្ពុជា និង​ចិន ក្រោម​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នេះ ហើយ​វា​នឹង​ជម្រុញ​កិច្ចសហប្រតិបត្តិការ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក នៅក្នុង​វិស័យ​កសិកម្ម​រវាង​កម្ពុជា​និង​ចិន​បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here