ដោយៈសុខុម
ប្រទេសចិនៈ ខណៈមានការអះអាងថា បច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនបំផុត 5G កំពុងតែបង្ហាញវត្តមានរបស់ខ្លួនជាបន្តបន្ទាប់ នៅបណ្ដាប្រទេសអភិវឌ្ឍន៍រួមមានប្រទេសចិន និងអឺរ៉ុប និងមិនទាន់មានវត្តមាននៅកម្ពុជាផងនោះ ស្រាប់តែធ្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលថា ក្រុមហ៊ុនមួយរបស់មហាយក្សចិន កំពុងគ្រោងសាកល្បងបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនបំផុត 6G។
ដោយដកស្រង់ប្រភពពី Global Times សារព័ត៌មាន The Edge Markets បានចុះផ្សាយកាលពីថ្ងៃទី២៥ មេសាថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei គ្រោងបាញ់បង្ហោះផ្កាយរណប២នៅខែកក្កដា ឆ្នាំ២០២១នេះ ក្រោមកិច្ចសហការជាមួយដៃគូ ក្នុងស្រុកចំនួន២ ជាមួយនឹងគោលបំណងបញ្ជាក់ជាផ្លូវការ ពីបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនបំផុត 6G។
យោងតាមផូស (Post) បណ្ដាញទំនាក់ទំនងសង្គមមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុនដោយ Digital blogger ឯករាជ្យមួយរូបឈ្មោះ Chang’an Shumajun បានបញ្ជាក់ថា គម្រោងបាញ់បង្ហោះផ្កាយរណបនេះ នឹងធ្វើឡើងក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុន China Mobile ដែលជាក្រុមហ៊ុនប្រតិបត្តិករបណ្ដាញទូរស័ព្ទចិន និងក្រុមហ៊ុនអវកាសក្នុងស្រុកមួយទៀត។
Digital blogger ឯករាជ្យដែលអះអាងថាមានទំនាក់ទំនងស្និទ្ធ ជាមួយក្រុមហ៊ុន Huawei ដដែលនេះបានលើកឡើងថា គម្រោងបាញ់បង្ហោះផ្កាយរណបនេះ ពិតជាមានសារៈសំខាន់ណាស់ ចំពោះបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសចិន។
ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតស្ដីពីគម្រោងបាញ់ផ្កាយរណប6G នៅឡើយទេ៕