ក្រុមហ៊ុន​លំដាប់​យក្ស​ជប៉ុន Honda ចាប់ផ្តើម​ហក់​ចូល​ទីផ្សារ​រថយន្ត​អគ្គិសនី

ដោយៈ វឌ្ឍនៈ

តូ​ក្យូៈ  ដូច​យើង​បានដឹង​រួចមកហើយ​ថា ក្រុមហ៊ុន Tesla របស់​កំពូល​មហាសេដ្ឋី Elon Musk ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​គួរឱ្យភ្ញាក់ផ្អើល នៅក្នុង​ការផលិត​លក់​រថយន្ត​អគ្គិសនី និង​មានឈ្មោះ​រន្ទឺ​ពាសពេញ​ពិភពលោក។

ភាពល្បីល្បាញ និង​ភាពជោគជ័យ​ខ្លាំង​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក មួយ​នេះ​បានធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្តផ្សេងៗ និង​ជាពិសេស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាំង​ពិភពលោក​ជ្រួលជ្រើម ហក់​ចូលប្រឡូក​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​អគ្គិសនី ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ ហើយ​ក្នុងនោះ​ក៏​រួមមាន​ទាំង​ក្រុមហ៊ុន Honda ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Honda ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​យក្ស​របស់​ជប៉ុន បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ទី២៣ មេសា​ថា ខ្លួន​បានកំណត់​គោលដៅ ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន១០០%សម្រាប់​លក់​នៅលើ​ទីផ្សារ នៅ​ទូទាំង​ពិភពលោក​នៅត្រឹម​ឆ្នាំ២០៤០ ដើម្បី​ចូលរួម​ចំ​ណែ ក​ជួយសង្គ្រោះ​បរិស្ថាន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

លោក Toshihiro Mibe ដែលជា​នាយក​ប្រតិបត្តិ​ទើប​តែងតាំង​ថ្មី របស់​ក្រុមហ៊ុន​នេះ​បាន​លើកឡើងថា គោលដៅ​នេះ​ពិតជា​មិន​ងាយស្រួល​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​ចង់ “កំណត់​គោលដៅ​ឱ្យ​ខ្ពស់” ។

ក្រុមហ៊ុន Honda និយាយថា ខ្លួន​ចង់​ផលិត​រថយន្ត​អគ្គិសនី លក់​នៅក្នុង​ទីផ្សារធំៗឱ្យបាន៤០ភាគរយ នៅត្រឹម​ឆ្នាំ២០៣០ និង៨០%នៅត្រឹម​ឆ្នាំ២០៣៥ ហើយ១០០%នៅ​ទូទាំង​ពិភពលោក​ត្រឹម​ឆ្នាំ២០៤០ ។

ក្រុមហ៊ុន​នេះ​បាន​បោះទុន​រហូតដល់​ទៅ៥ទ្រី​លាន​យ៉េន (៤៦ពាន់​លាន​ដុល្លារ​អាមេរិក) វិនិយោគ​លើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​របស់ខ្លួន ដើម្បី​ឈានទៅដល់​គោលដៅ​ដែល​បានកំណត់។

ការប្រកាស​នេះ បាន​ធ្វើឡើង​មួយថ្ងៃ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ថ្លែងថា ប្រទេស​ជប៉ុន មានបំណង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ចូលទៅក្នុង​បរិយាកាស ឱ្យបាន៤៦%នៅត្រឹម​ឆ្នាំ២០៣០ ដោយ​ចំនួន​នេះ លើសពី​ការប្ដេជ្ញាចិត្ត​លើក​មុន ដែលមាន​ត្រឹម២៦%ពី​ឆ្នាំ២០១៣ដល់​ឆ្នាំ២០៣០ ។

ការប្ដេជ្ញាចិត្ត​នេះ​ធ្វើឡើង ស្របពេល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ជំនួប​កំពូល​មួយ ដើម្បី​ជំរុញឱ្យមាន​វិធានការ​កាន់តែ​ម៉ឺងម៉ាត់​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ឆ្ពោះទៅកាន់​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ឱ្យមក​នៅ​កម្រិត​សូន្យ​នៅ​ទីបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here