ប្រធានាធិបតី​ចិន​ចំអក​ឱ្យ​អាមេរិក​ថា​ការ​បញ្ឆេះ “សង្គ្រាមត្រជាក់​ថ្មី” មិន​ចំណេញ​ឡើយ

ដោយៈ​សុខុម

ប៉េកាំង:  ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង កាលពី​ថ្ងៃ​អង្គារ ទី២០ ខែមេសា បាន​ចំអក​ឱ្យ​សហរដ្ឋអាមេរិក ចំពោះ​ការប៉ុនប៉ង​ណាមួយ ដើម្បី​បន្សាប​ឥទ្ធិពល​របស់​មហា​យក្ស​ចិន ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន​សង្កត់ធ្ងន់ថា “សង្គ្រាមត្រជាក់​ថ្មី” នឹង​ធ្វើឱ្យ​ខាតបង់ ប្រយោជន៍​នៃ​សេដ្ឋកិច្ចពិភពលោក។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Post។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងពេល​ថ្លែង​សុន្ទរកថា​តាម Video Conference នៅឯ​វេទិកា​អាស៊ី​ក្រុង​ប៉​អៅ (Boao Forum for Asia) លោក ស៊ី បាន​លើកឡើងថា ប្រទេស​ចិន នឹងចូលរួម “សកម្ម” ក្នុង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ក្នុង​វិស័យ​ពាណិជ្ជកម្ម ហើយ​ចូលរួមចំណែក​ដល់​ការកសាង “ប្រព័ន្ធ​សេដ្ឋកិច្ច​បើកទូលាយ​កម្រិត​ខ្ពស់​ថ្មី” មួយ ដោយ​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក កុំ​ប្រកាន់ខ្ជាប់​គោលនយោបាយ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម។

លោក ស៊ី បាន​បន្ថែមទៀតថា “ខណៈ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ដែលមាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​នឹង​សហរដ្ឋអាមេរិក អាច​នឹង​ត្រូវបាន​បំបែក​ឱ្យចេញ​កាន់តែ​ឆ្ងាយ​ពី​បណ្ដា​ប្រទេស ដែលមាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​នឹង​ចិន​កុម្មុយនីស្ត រដ្ឋាភិបាល​ក្រុង​ប៉េកាំង “ជំទាស់​ដាច់ខាត​ចំពោះ​សង្គ្រាមត្រជាក់ និង​មនោគមវិជ្ជា​ប្រឈមមុខ​ដាក់គ្នា​ក្នុង​គ្រប់​ទម្រង់”។

លោក​បាន​សង្កត់ធ្ងន់ថា ច្បាប់​ដែល​បង្កើតឡើង​ដោយ​ប្រទេសមួយ ឬ​ប្រទេស​មួយក្រុម មិនអាច​យកមកអនុវត្ត​លើ​ប្រទេស​ដទៃ​បានឡើយ។ ប្រទេស​ចិន មិនដែល​ស្វះស្វែង​ចង់បាន​ឥទ្ធិពល​លប់​លើស​គេឯង ហើយ​ព្យាយាម​ពង្រីក​ឥទ្ធិពល ឬក៏​ចង់​ប្រកួតប្រជែង​ផ្នែក​សព្វាវុធ​នោះឡើយ។

លោក​ស៊ី បាន​ថ្លែង​បែបនេះ​នៅ​ប៉ុន្មាន​ថ្ងៃ ក្រោយពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ក្នុងជំនួប​កំពូល​របស់​ពួកលោក​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ Taiwan Strait ដែល​បានធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ខឹង​ឆេះដុំ។

នោះ​ក៏​ព្រោះតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​កោះ​វ៉ាន់ ដែល​គ្រប់គ្រង​អធិបតេយ្យភាព​ដោយ​ខ្លួនឯង​ថា ជា​ខេត្ត​មួយ​របស់ខ្លួន គឺ​រង់ចាំតែ​ការបង្រួបបង្រួម​ជាតិ​ប៉ុណ្ណោះ ហើយ​បើ​ក្នុងករណី​ចាំបាច់ អាច​នឹង​ឈានទៅដល់​ការប្រើ​កម្លាំងបាយ។

ក្នុងជំនួប​ផ្ទាល់​លើកដំបូង​របស់​ពួកលោក កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន លោក ចូ បៃ​ឌិន និង​លោក Yoshihide Suga ក៏បាន​សម្ដែង​ការព្រួយបារម្ភ អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​របស់​ចិន នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង (Xinjiang) ការបង្ក្រាប​លើ​បាតុករ​ដោយ​ហិង្សា​នៅ​ក្រុង​ហុងកុង និង​បញ្ហា​សន្តិសុខ​នៅ​ដែនទឹក​របស់​កោះ​តៃវ៉ាន់ និង​ដែនទឹកក្បែរៗនោះ​ផងដែរ។

ទោះបីជា​មិន​លើកឡើង​ពី​បញ្ហា ឬ​បញ្ចេញ​ឈ្មោះ​សហរដ្ឋអាមេរិក ឱ្យចំៗក្នុង​សុន្ទរកថា​របស់ខ្លួន​ក្ដី ក៏​លោក​ស៊ី បាន​និយាយ​បែប​ផ្លែផ្កា​ថា “ចាស់គំរឹល​ណាស់ ខ្លួនឯង​ដើរ​ណែនាំ​ប្រទេស​ដទៃ ដោយ​ភាព​ក្រអឺតក្រទម ហើយ​ខ្លួនឯង​បែរជា​ជ្រៀត​ជ្រែ​ត​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ទាំងនោះ” នៅពេលដែល​ប្រទេសមួយ​ចង់​ចុះសម្រុង ជាមួយ​ប្រទេស​ដទៃ។

ក្នុងពេល​ជាមួយគ្នានេះ លោក ស៊ី បាន​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត (AI) និង​ជីវ​ឱសថ (Biomedicine) ក្នុង​កិច្ចប្រឹងប្រែង​ទប់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ហើយ​ក៏បាន​ប្ដេជ្ញា​ប្រឹងប្រែង ចូលរួម​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here