ដោយៈ ណេត
ភ្នំពេញៈ ប្រទេសកម្ពុជា បាហាម៉ាស (Bahamas) និងចិនគឺជាប្រទេសត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានគម្រោង រូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល (CBDC) មានភាពចាស់ទុំជាងគេលើពិពលោក ខណៈលើពិភពលោកមានតែ២៣ភាគរយនៃគម្រោងនេះ ដែលបានឈានដល់ដំណាក់កាលអនុវត្តន៍។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន Cryptonews នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។
របាយការណ៍ក្រុមហ៊ុន PwC បញ្ជាក់ថា ជិត៧០ភាគរយនៃគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។
បាហាម៉ាស និងកម្ពុជាទទួលបានតំណែងកំពូល ដែលគម្រោង CBDC របស់ខ្លួនកំពុងដំណើរការ ខណៈចិនកំពុងសាកល្បងគម្រោងប្រាក់យ័នឌីជីថលរបស់ខ្លួន។
ជាង៨៨ភាគរយ នៃគំរោង CBDC លើពិភពលោក ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ឬដំណាក់កាលផលិតកម្ម ប្រើប្រាស់បច្ចេកវិទ្យា blockchain ។ នេះបើយោងតាមទិន្នន័យ ដែលទទួលបានដោយ Bloomberg។
យោងតាមក្រុមហ៊ុន PwC បានឱ្យដឹងថា “CBDCs នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មនៃ រូបិយវត្ថុអន្តរជាតិ និងការធ្វើសមាហរណកម្មឡើងវិញទាំងផ្នែកហេដ្ឋារចនាសម្ពន្ធ័ទូទាត់ និងហិរញ្ញវត្ថុ” ។
ក្រុមហ៊ុនក៏បានប៉ាន់ស្មានផងដែរថា ប្រភេទរូបិយវត្ថុថ្មីនេះ នឹងបង្កើតឱកាសថ្មី សម្រាប់ការធ្វើឌីជីថលរូបនិយកម្មបន្ថែមទៀត ទាំងនៅក្នុងក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុ។
ក្នុងវិស័យអន្តរធនាគារ ឬគម្រោងរូបិយវត្ថុឌីជីថល ថៃ និងហុងកុងជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ បន្ទាប់មកគឺសិង្ហបុរី កាណាដា និងចក្រភពអង់គ្លេស៕