លោក​ចូ បៃ​ឌិន នឹង​ជួប​ជាមួយ​បណ្តា​មេដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ២០២១នេះ

ដោយៈ​សុខុម

អាស៊ាន:  ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ឌិន ត្រូវបាន​រំពឹងថា នឹង​ជួប​ជាមួយ​គ្រប់​មេដឹកនាំ នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន នៅ​ឆ្នាំ២០២១នេះ នៅពេលដែល​ស្ថានភាព​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ធូរស្រាល។ នេះ​បើ​យោងតាម​លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ប្រចាំ​សហរដ្ឋអាមេរិក បានលើកឡើង​កាលពី​ថ្ងៃ​អង្គារ ទី២០ មេសា។

លោក Jose Manuel Romualdez បាន​ថ្លែង​បែបនេះ នៅពេល​ត្រូវ​ក្រុម​អ្នកសារព័ត៌មាន​សាកសួរ​ថា​តើ​លោក ចូ បៃ​ឌិន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ទ្រី​ហ្គោ ឌូ​ទើ​តេ និង​បណ្ដា​មេ​ដឹ​នាំ​អាស៊ាន ផ្សេងទៀត​ឬ​យ៉ាងណា ក្រោយ​ជំនួប​របស់លោក​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​ឆ្នាំនេះ ប្រទេស​ព្រុយ​ណេ គឺជា​ប្រធាន​ឆ្លាស់​វេន​នៃ​អាស៊ាន ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន១០ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

មេដឹកនាំ​អាស៊ាន​បានប្រកាស​ជំហរ​ថា ខ្លួន​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋការ​លោក ចូ បៃ​ឌិន នៅក្នុង​ការពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្លុក​នេះ និង​សហរដ្ឋអាមេរិក និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ព​ន្លឿ​ន​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​សម្រាល​ស្ថានភាព​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន ដែល​បានចេញ​ផ្សាយ​កាលពី​ខែមករា ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​បញ្ជាក់ថា ពួកលោក​ក៏​ទន្ទឹងរង់ចាំ ជំនួប​បន្ទាប់​រវាង​ក្រុម​មេដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក ព្រមទាំង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ផងដែរ​នាពេលខាងមុខ។

ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានលើកឡើង​ដូច្នេះ​ថា “ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ឌិន និង​លោកស្រី​អនុ​ប្រធានាធិបតី Kamala Harris ចូលកាន់​តំណែង​កាលពីពេលថ្មីៗនេះ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋការ​ថ្មី​នេះ នៅក្នុង​ការពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ដើម្បី​នាំមក​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់” ។

ពួកលោក​បាន​បន្ថែមទៀត​ថា “យើង​ទន្ទឹងរង់ចាំ កិច្ចសហប្រតិបត្តិការ​របស់​យើង​នៅក្នុង​ការលើកកម្ពស់ និង​ពង្រឹង​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ព​ន្លឿ​ន​ការ​ងើបឡើង នៃ​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​សម្រាល​ស្ថានភាព​ឆ្លង​រា​ត   ត្បា​ត​វីរុស​កូ​វីដ-១៩ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here