ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្សារបោះដុំបន្លែនៃផ្សារដើមគ ដែលត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញ ផ្អាកបណ្តោះអាសន្នក្រោយរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ជិត១០០នាក់ នឹងត្រូវដាក់ទីតាំងនៅផ្លូវជាតិលេខ២ ខេត្តកណ្តាលជាបណ្តោះអាសន្នសិន។
លោកគង់ សោភ័ណ អភិបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី18 ខែមេសា ឆ្នាំ2021 ថា បន្ទាប់ពីទទួលបានសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខេត្តបានដឹកនាំមន្ត្រីជំនាញដែលពាក់ព័ន្ធ អមដំណើរដោយលោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ចុះពិនិត្យមើលទីតាំងសមរម្យណាមួយធំទូលាយ មានបរិយាកាសមិនអាប់អួរ ដើម្បីងាយស្រួលក្នុងការរៀបចំទីតាំង សំរាប់រៀបចំឱ្យក្លាយជាផ្សារបោះដុំបន្លែ ជំនួសឱ្យផ្សារដើមគរនៅរាជធានីភ្នំពេញ។
លោកបានបន្តថា “ការរៀបចំនេះរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលទាំងទីតាំង ទាំងការរៀបចំ និងសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអាចរក្សាបាននូវគម្លាត សុវត្ថិភាព និងអនាម័យ ដើម្បីអាចទប់ស្កាត់ការចម្លងមេរោគកូវីដ១៩” ។ លោកបន្តថា “ប៉ុន្តែទោះជាយ៉ាងណា យើងក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារជាប់ជាប្រចាំ ដើម្បីអាចបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈក្នុងពេលឆាប់ៗខាងមុខនេះ” ។
ការអនុវត្ត និងដំណើរការផ្សារដោះដុំបន្លែបណ្តោះអាសន្ន ដែលមានទីតាំងនៅផ្លូវជាតិលេខ២នេះ នឹងត្រូវបានរៀបចំជាទីតាំងមានស្តង់បណ្តោះអាសន្ន រួមជាមួយនឹងទីកន្លែងវាលគ្មានស្តង់ ដែលស្ថិតនៅផ្នែកម្ខាងម្នាក់យ៉ាងមានរបៀបបំផុត ក្រោមការយកចិត្តទុកដាក់ ជួយសម្របសម្រួលពីសំណាក់មន្ត្រីអាជ្ញាធរខេត្ត និងក្នុងតំបន់ផងដែរ។
ទីតាំងផ្សារបន្លែបណ្តោះអាសន្ននេះ មានចម្ងាយពីរង្វង់មូលគួរស្រូវប្រមាណ៧៥០ម៉ែត្រ និងចម្ងាយប្រមាណ១៤,៥គីឡូម៉ែត្រពីផ្សារដើមគចាស់ និងចម្ងាយជាង១០គីឡូម៉ែត្រពីរង្វង់មូលតាខ្មៅក្រុងតាខ្មៅ៕