ការសិក្សា: អាស៊ី​គួរតែ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការ​ងើបឡើង​នៃសេដ្ឋកិច្ចពិភពលោក

ដោយៈ​សុខុម

ប្រទេស​ចិន:  អាស៊ី គួរតែ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់ សម្រាប់​ជំរុញ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក​ប្រកបដោយ​និរន្តរភាព។ នេះ​បើ​យោងតាម​របាយការណ៍​សិក្សា​មួយ​ដែល​វេទិកា​អាស៊ី​ក្រុង​ប៉​អៅ (Boao Forum for Asia) បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី១៨ មេសា។

របាយការណ៍​របស់​វេទិកា​អាស៊ី​ក្រុង​បូ​អៅ ដែលមាន​ឈ្មោះថា “Sustainable Development: Asia and the World Annual Report 2021” (ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព: របាយការណ៍​ស្ដីពី​អាស៊ី និង​ពិភពលោក​ប្រចាំឆ្នាំ២០២១) បាន​លើកឡើងថា បណ្តា​ប្រទេស​នៅ​អាស៊ី ដែល​បាន​ងើបឡើង​ពី​វិបត្តិ​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ចាំបាច់​ត្រូវ​ផ្តល់ជំនួយ​បន្ថែម​ដល់​ប្រទេសជិតខាង​នានា​របស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​នេះ​បាន​បន្តថា ប្រទេស​ទាំងនោះ ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​សកម្មភាព​ទប់ស្កាត់ និង​គ្រប់គ្រង​វីរុស​កូ​វីដ-១៩ ហើយ​ព​ន្លឿ​ន​ដំណើរ​ការចាក់​វ៉ាក់សាំង។ការធ្វើ​ដូចនេះ នឹង​ផ្ដល់​លទ្ធភាព​សម្រាប់​ការបើក​ព្រំដែន និង​ការអនុញ្ញាតឱ្យ​ធ្វើដំណើរ​បាន​ធម្មតា​ឡើងវិញ។

កិច្ចព្រមព្រៀង​ស្ដីពី ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​វឌ្ឍនភាព (CPTPP) គួរតែ​ត្រូវបាន​អនុវត្ត​ជា​វិធាន និង​ការអនុវត្ត​ស្តង់ដារ​ខ្ពស់​សម្រាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ​សេរី។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ធនាគារ​អភិវឌ្ឍន៍​ថ្មី (New Development Bank) ស្ថាប័ន និង Platform ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍន៍​ថ្នាក់​តំបន់​ដទៃទៀត គួរតែ​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​មួយចំនួន​អំឡុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ និង​មូលនិធិ​នៅ​អាស៊ី ដែល​យកចិត្តទុកដាក់​ចំពោះ​ការវិនិយោគ​បៃតង រយៈពេល​វែង និង​មធ្យម។

អាស៊ី គួរតែ​ទាញយក​អត្ថប្រយោជន៍​ពី​នវានុវត្តន៍​ថ្មី និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ធានាបាន​នូវ​សង្វាក់​ផ្គត់ផ្គង់​ដោយ​រលូន​នៅក្នុង​តំបន់ លើកកម្ពស់​ការកសាង និង​ការ​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងដែន ហើយ​លើកកម្ពស់​ការវិនិយោគ​បៃតង និង​ការផ្លាស់ប្តូរ​ទៅរក​ឌីជីថល។

លើសពីនេះ បណ្តា​ប្រទេស​នៅ​អាស៊ី ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​បន្ថែមទៀត ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត ជាពិសេស​ប្រទេស​នានា​នៅ​ទ្វីបអាហ្វ្រិក ព្រមទាំង​ចែករំលែក​បទពិសោធន៍ និង​កសាង​សមត្ថភាព​របស់ខ្លួន​នៅក្នុង​វិស័យ​មួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here