ស្ថាប័នរដ្ឋ​និង​ឯកជន​បង្ហាញ​សកម្មភាព​រួមគ្នា​ទប់ស្កាត់​ការដំឡើងថ្លៃ​ម្ហូបអាហារ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ

ដោយៈ សាវុធ

ភ្នំពេញៈ ស្ថាប័នរដ្ឋ និង​ឯកជន​បង្ហាញ​សកម្មភាព​រួមគ្នា ទប់ស្កាត់​ការដំឡើងថ្លៃ​ម្ហូបអាហារ ពិសេស​អង្ក ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាពលរដ្ឋ ក្នុងពេល​បិទ​ខ្ទប់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ការលក់​អង្ករ​បញ្ចុះតម្លៃ ក្នុងពេលដែល​ប្រជាពលរដ្ឋ កំពុង​ជួប​ការលំបាក​ក្នុងពេល​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

ជាមួយគ្នានេះដែរ ក្រុមការងារ​របស់​ក្រសួងពាណិជ្ជកម្ម កាល​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បាន​ចុះ​ពិនិត្យ​តាមដាន​ថ្លៃទំនិញ និង​សុំ​ឲ្យ​អាជីវករ​បិទ​ស្លាក​ថ្លៃ និង​កុំ​ដំ​ឡង​ថ្លៃ នៅតាម​ផ្សារធំៗក្នុង​រាជធានី​ភ្នំពេញ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា បន្ថែម​លើ​យន្តការ​នៃ​ការទប់ស្កាត់ ការដំឡើងថ្លៃ​ម្ហូបអាហារ ជាពិសេស «អង្ករ» ដែល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ដាក់ចេញ និង​កំពុង​បន្ត​អនុវត្ត តាំងពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងមក មាន​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មួយចំនួនទៀត ដែលមាន​ដេប៉ូ​លក់រាយ ដែល​នៅមាន​សន្និធិ និង​អាច​ដំណើរការ​ក្នុង​តំបន់​បិទ​ខ្ទប់ សម្រេចចិត្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដោយ​យល់ព្រម​បញ្ចុះ​ថ្លៃ​អង្ករ​បន្ថែមទៀត។

សហព័ន្ធ​ស្រូវ​អង្ករ​បាន​បន្តថា ការបញ្ចុះ​តម្លៃ​នេះ​មាន​ចាប់ពី​ចំនួន ២០០ ០០០ រៀល (ម្ភៃ​ម៉ឺន​រៀល) ទៅ ៤០០ ០០០ រៀល ( សែម​ស៊ិ​ប ម៉ី​ន​រៀល) (ក្នុង​មួយ​តោន ឬ​ស្មើនឹង ១០ ០០០ (មួយ​ម៉ឺន​រៀល) ទៅ ២០ ០០០(ពីរ​ម៉ី​ន​រៀល) ក្នុង​មួយ​បេ សម្រាប់​ទម្ងន់៥០គីឡូក្រាម ទៅតាម​ប្រភេទ និង​ស្តង់ដា​បទដ្ឋាន​គុណភាព​អង្ករ ដែលមាន​នៅក្នុង​ស្តុក ចាប់ពីពេលនេះ​តទៅ រហូតដល់​ស្ថានការណ៍​បាន​ធូរស្បើយ​ឡើងវិញ។ សមាជិក​បន្ថែមទៀត នឹងចូលរួម​ជា​បន្តរ​បន្ទាប់​នៅពេលដែល​បុគ្គលិក កម្មករ​និង​ចំនួន​សន្និធិ​អង្ករ​ថ្មី អាច​ចរាចរណ៍​ចូល​មកដល់​ដេប៉ូ ក្នុង​តំបន់​បិទ​ខ្ទប់​បាន។

មន្ដ្រី​ជំនាញ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (កប​ប) និង​ក្រុមការងារ នៃ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បាន​ចុះ​ពិនិត្យ​តាមដាន​ថ្លៃទំនិញ និង​សុំ​ឲ្យ​អាជីវករ​បិទ​ស្លាក​ថ្លៃ និង​កុំ​ដំ​ឡង​ថ្លៃ នៅតាម​ផ្សារធំៗក្នុង​រាជធានី​ភ្នំពេញ។

លោក​ប៉ែន សុ​វិជាតិ​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ តាមដាន​ថ្លៃទំនិញ ខាងលើនេះ ក្រុមការងារ ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​សហការ ជាមួយ​មន្ទីរ ចុះ​ត្រួតពិនិត្យ​តាម​ផ្សារធំៗ ចំនួន៣ផ្សារ រួមមាន៖ ផ្សារ​ធំថ្មី ផ្សារ​ច្បារអំពៅ និង​ផ្សារ​សំ​ហាន។

លោក​បន្តថា ចំពោះ​ផ្សារ​ថ្មី មន្ដ្រី​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ប  ង្ក្រា​ប​ការ​ក្លែងបន្លំ បាន​ចុះ​រួចហើយ ដោយបាន​ណែនាំ ដល់​អាជីវករ​បិទ​ស្លាក​ថ្លៃ លើ​មុខទំនិញ និង​មិន​អនុញ្ញាត ឲ្យ​ដំឡើងថ្លៃ​ហួសហេតុ​ទេ។

បើតាម​មន្ដ្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ពេល​ចុះ​អង្កេត​ពិនិត្យ ឃើញ​ទំនិញ​មួយចំនួន រក្សា​តម្លៃ​ដូច​មុន​បិទ​ខ្ទប់ មួយចំនួន​ឡើង​បន្តិចបន្តួច​ដូចជា៖ ស្ពៃក្តោប និង​ស្ពៃបូកគោ តម្លៃ៤០០០រៀល ឡើង១០០០រៀល និង​សាច់គោ​ចំឡក ១គីឡូក្រាម តម្លៃ៤៥,០០០រៀល -ល- ។

ទន្ទឹម​នោះ មន្ដ្រី​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ឲ្យ​ដឹង​ទៀតថា អាហារ​សមុទ្រ ពុំបាន​ឡើងថ្លៃ​ទេ ហើយក៏​ពុំមាន​អតិថិ​ន​ទិញ​ផងដែរ ដែល​ធ្វើ​អ្នកលក់​ត្អូញ ពី​ការលក់​មិនសូវ​ដាច់។

កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ​ថា ក្រសួងពាណិជ្ជកម្ម ចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការលក់ អង្ករ និង​មី ចល័ត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ។

រយៈពេល៣ថ្ងៃ ពោល​ចាប់ពី​ថ្ងៃទី១៥-១៦-១៧ ខែមេសា ឆ្នាំ២០២១ រថយន្ដ​ចល័ត​របស់​ក្រសួងពាណិជ្ជកម្ម លក់​អង្ករ​បាន​សរុប​ចំនួន១៦៣បាវ និង​មី​ជាតិ​ចំនួន១១៣១កេស ស្របពេល​រាជរដ្ឋាភិបាល ដាក់ចេញ​វិធាន​ការបិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here