ឥរិយាបថ​យឺតយ៉ាវ​របស់​អាស៊ាន អាចធ្វើ​ឲ្យ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​មក​នៅ​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ២០៥០ប្រឈម​នឹង​បរាជ័យ

ដោយៈ​សុខុម

គូ​ឡា​ឡាំ​ពួ​រៈ ការសិក្សា​ថ្មី​មួយ​ធ្វើឡើង ដោយ​ធនាគារ​យក្ស​អង់គ្លេស Standard Chartered បង្ហាញថា រាល់​ក្រុមហ៊ុន​ចំនួន៥នៅក្នុង​តំបន់​អាស៊ាន គឺមាន៣ក្រុមហ៊ុន​ទៅហើយ​ដែល​ធ្វើ​សកម្មភាព​យឺតយ៉ាវ នៅក្នុង​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​គោលដៅ កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ឱ្យមក​នៅ​កម្រិត​សូន្យ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​កាលពី​ថ្ងៃទី១២ មេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សកម្មភាព​យឺតយ៉ាវ​នេះ អាចធ្វើឱ្យ​គោលដៅ​កាត់បន្ថយ ការ​បំ​ភាយ​ឧស្ម័ន​កាបូន  ឱ្យមក​នៅ​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ២០៥០ ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រូវ​បរាជ័យ។

ការសិក្សា​ទូទាំង​ពិភពលោក​ដែលមាន​ឈ្មោះថា Zeronomics ខាងលើនេះ​បាន​រកឃើញថា ៦០%នៃ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក្នុង​តំបន់​អាស៊ាន​បានបង្ហាញ​ជំនឿ​ថា ក្រុមហ៊ុន​របស់​ពួកគេ​កំពុងធ្វើការ​ផ្លាស់ប្ដូរ​យឺតយ៉ាវ (ស្មើនឹង៥៥% នៃ​ក្រុមហ៊ុន​ទូទាំង​ពិភពលោក)។

ធនាគារ Standard Chartered បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី១២ មេសា ថា “កង្វះ​ការគាំទ្រ​ពី​បណ្ដា​វិនិយោគិន​ផ្ទាល់ នៅក្នុង​ក្រុមហ៊ុន​ទាំងនោះ គឺជា​ឧបសគ្គ​ធំ​បំផុត​ដែល​រាំងស្ទះ ដល់​វឌ្ឍនភាព​សម្រាប់​ក្រុមហ៊ុន​នានា នៅក្នុង​តំបន់​នេះ ជា​ឧបសគ្គ​ដ៏​ធំ​ដែល​ស្មើនឹង៧៣% (ស្មើនឹង៦០%ទូទាំង​ពិភពលោក)” ។

នៅក្នុង​ការស្ទង់មតិ​ក្នុង​ខែកញ្ញា និង​ខែតុលា ឆ្នាំ២០២០នេះ​បាន​សាកសួរ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុនធំៗចំនួន២៥០ និង​អ្នកជំនាញ​ខាង​វិនិយោគ​ចំនួន១០០រូប​នៅ​ទូទាំង​ពិភពលោក។

ទោះជា​យ៉ាងណា កង្វះ​ការគាំទ្រ​ពី​វិនិយោគិន មិនមែនជា​ឧបសគ្គ​ដែល​ក្រុមហ៊ុន​នានា​នៅក្នុង​តំបន់​អាស៊ាន ប្រឈម​នោះឡើយ។

ធនាគារ Standard Chartered បាន​លើកឡើងថា “ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ប្រមាណ៧០% (៦៧%ទូទាំង​ពិភពលោក) ជឿថា កង្វះ​ហិរញ្ញវត្ថុ កំពុង​រារាំង​ដល់​ការផ្លាស់ប្តូរ ចំណែកឯ៧រូប ក្នុងចំណោម១០រូប (ស្មើនឹង៦០% ទូទាំង​ពិភពលោក) ជឿថា កង្វះ​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ប្រតិបត្តិ គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ” ។

ក្នុងនាម​ជា​ប្លុក​សេដ្ឋកិច្ច​ដ៏​ធំ​មួយ នៅក្នុង​តំបន់​អាស៊ាន ប្រទេស​ម៉ាឡេស៊ី បាន​ប្តេជ្ញាចិត្ត​ជំរុញ​របៀបវារៈ​បៃតង និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ចូលទៅក្នុង​បរិយាកាស​ឱ្យបាន៤៥%នៅត្រឹម​ឆ្នាំ២០៣០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here