ដោយៈ ម៉ាណេត
ភ្នំពេញៈ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានលើកឡើង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា ប្រទេសចិន និងកម្ពុជាជាមិត្តភក្តិល្អ ដែលស្គាល់ចិត្តគ្នាទៅវិញទៅមក ជាបងប្អូនល្អដែលតែងជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ខណៈជំនួយកម្ចីរបស់ចិនជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ប្រទេសចិន បានចាប់ផ្តើមផ្តល់ជំនួយជាសេដ្ឋកិច្ច ដល់ប្រទេសកម្ពុជាចាប់តាំងពីទសវត្សទី៥០ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានជួយកម្ពុជាក្នុងការស្ថាបនាផ្លូវជាង៣០,០០គីឡូម៉ែត្រ និងស្ពានកាត់ទន្លេមេគង្គចំនួន៨ខ្សែ។
ចិនបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការកែលម្អផ្លូវនៅទីជនបទ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត ក្នុងនោះបានជួយជួសជុលផ្លូវថ្នល់ចំនួន២៥ខ្សែ ក្នុងខេត្តទាំង៨ ដែលមានប្រវែងសរុប១៥៥គីឡូម៉ែត្រ ហើយបានជួយជីកអណ្ដូង ចំនួនសរុប១,៨១០កន្លែង និងស្រះទឹកចំនួន១២៧កន្លែងដល់ខេត្តចំនួន១៣ជាដើម។
ស្ថានទូតចិនបានឱ្យដឹងថា តួលេខទាំងនេះត្រូវបានបង្ហាញថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា ភាគីចិន បានផ្តល់ជំនួយ និងរួមចំណែកក្នុងកិច្ចការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន បានជួយការពារសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា។
ស្ថានទូតចិនបានគូសបញ្ជាក់ថា ដូចយើងបានជ្រាបហើយថា ជំនួយផ្តល់ប្រាក់កម្ចីរបស់ចិនទៅកាន់បរទេសតែងតែប្រកាន់ខ្ជាប់គោលការណ៍មិនមានលក្ខខណ្ឌ នយោបាយ មិននាំចេញរបៀបអភិវឌ្ឍន៍ និងមិនប្រើប្រាស់ប្រាក់កម្ចីជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
រហូតមកដល់ពេលនេះ ប្រទេសចិនមិនដែលយកបំណុល មកគាបសង្កត់លើប្រទេសបំណុលណាមួយទេ ហើយក៏រឹតតែមិនដែលប្រើប្រាស់មូលនិធិជំនួយ មករៀបចំផែនការបដិវត្តពណ៌លើប្រទេសណាដែរ។
រហូតមកដល់បច្ចុប្បន្ននេះ មិនមានប្រទេសណាមួយរងទុក្ខ ព្រោះតែមិនអាចសងបំណុលរបស់ប្រទេសចិនដែរ ហើយក៏មិនដែលឮថា ប្រទេសណាស្អប់ខ្ពើមជាមួយជំនួយច្រើនពេករបស់ចិនដែរ។
ផ្ទុយទៅវិញ ប្រទេសទទួលជំនួយភាគច្រើននៅតែបន្តស្នើសុំចិន បង្កើនជំនួយបន្ថែម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។
ជាការពិត ជំនួយកម្ចីរបស់ចិនមកកាន់កម្ពុជា មិនត្រឹមតែជួយលើកកម្ពស់កម្រិតនៃហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់បច្ចេកទេសគ្រប់គ្រង និងស្តង់ដាយ៉ាងសកម្ម ដើម្បីជួយប្រទេសកម្ពុជាបណ្តុះបណ្តាល អ្នកបច្ចេកទេសវិស្វកម្ម និងអ្នកគ្រប់គ្រងក្នុងស្រុក។
ជារួមបានជួយលើកកម្ពស់សមត្ថភាព នៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ចាក់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំបន្ថែមទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា៕