ដោយៈសុខុម
តូក្យូៈ ពេលនេះរដ្ឋាភិបាលជប៉ុន កំពុងពិចារណាបញ្ចប់ការជួយគាំទ្រ ដល់ការនាំចេញឧបករណ៍ដំឡើងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មទាំងអស់នៅបរទេស ដើម្បីគោរពតាមការដឹកនាំរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei ចុះផ្សាយកាលពីថ្ងៃទី២៩ មីនា។
នេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើល សម្រាប់រដ្ឋាភិបាលក្រុងតូ ក្យូ ដែលកន្លងមកបានកំណត់យក រោងចក្រថាមពលធ្វើជាសសរស្តម្ភ នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជំរុញការនាំចេញហេដ្ឋារចនាសម្ព័ន្ធ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនបានទម្លាយឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga គ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើផ្នែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ចូលទៅក្នុងបរិយាកាសក្នុងជំនួបលើកដំបូង របស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅដើមខែក្រោយ។ ក្រុមមេដឹកនាំជប៉ុនគ្រោងនឹងប្រកាសគំនិតផ្តួចផ្តើមរបស់ខ្លួននៅក្នុង “កិច្ចប្រជុំកំពូលស្តីពីបម្រួបម្រួលអាកាសធាតុ” (Climate Change Summit) ដឹកនាំដោយសហរដ្ឋអាមេរិក ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២២ មេសា។
ប្រទេសជប៉ុន ជួយគាំទ្រដល់គម្រោងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មនៅបរទេស តាមរយៈប្រាក់កម្ចីពីធនាគារជប៉ុន ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ (Japan Bank for International Cooperation) លុះត្រាតែគម្រោងនោះបំពេញគ្រប់លក្ខខណ្ឌតម្រូវប៉ុណ្ណោះដូចចា គម្រោងនោះប្រើឧបករណ៍ទំនើប ដែលបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាបជាងរោងចក្រធម្មតា ហើយប្រទេសដែលទទួលយកគម្រោងរោងចក្រនោះ ក៏ត្រូវអនុវត្តគោលនយោបាយ កាត់បន្ថយឧស្ម័នឧស្ម័នផ្ទះកញ្ចក់ផងដែរ។
បណ្ដាក្រុមហ៊ុនជប៉ុន រួមទាំងក្រុមហ៊ុន Mitsubishi Corp ផងបានចុះកិច្ចព្រមព្រៀងបែបនេះរួចមកហើយ ជាមួយប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
ជាធម្មតា រោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មថ្មីមួយអាចដំណើរការបានរហូតដល់ទៅកន្លះសតវត្សរ៍។ ប្រទេសជប៉ុនបានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ ចំពោះការនាំចេញរបស់ខ្លួននៅក្នុងវិស័យនេះ ដោយយល់ឃើញថា រោងចក្រថាមពលអគ្គិសនីទាំងនោះ បានបំភាយឧស្ម័នផ្ទះកញ្ចក់រយៈពេលវែង។
ប្រការនេះបានជំរុញឱ្យប្រទេសជប៉ុន ដាក់ចេញនូវលក្ខខណ្ឌបច្ចុប្បន្ន សម្រាប់ការនាំចេញឧបករណ៍ដំឡើង រោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មកាលពីខែកក្កដា ឆ្នាំ២០២០ ។
សម្ពាធលើប្រទេសជប៉ុនបានកើនឡើង ក្រោយការចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក របស់លោកចូ បៃឌិន ដែលបានកំណត់យកបញ្ហាបម្រែបម្រួលអាកាសធាតុធ្វើជាគោលនយោបាយអាទិភាពកំពូល។
លោក John Kerry អតីតរដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសតំណាងលោក ចូ បៃឌិន បានអំពាវនាវឱ្យរដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក Shinjiro Koizumi បញ្ឈប់ការជួយគាំទ្ររបស់រដ្ឋាភិបាល ដល់គម្រោងរោងចក្រថាមពលអគ្គិសនី ដើរដើរធ្យូងថ្មនៅបរទេស។
លោក Boris Johnson នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលG7 (ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧) នៅខែមិថុនា ខាងមុខនេះ ក៏បានជំរុញឱ្យបរទេសជប៉ុន បញ្ចប់ការជួយគាំទ្របែបនេះដែរ។
ប្រទេសជប៉ុន នឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនាំចេញ ដែលផ្តោតលើរោងចក្រថាមពលអគ្គិសនី។ ការចរចារដើម្បីនាំចេញឧបករណ៍ដំឡើងរោងចក្រថាមពលអគ្គិសនី ដើរដោយនុយក្លេអ៊ែរទៅកាន់ប្រទេសមួយចំនួន ដូចជាតួកគី និងសហរដ្ឋអាមេរិក ជាដើមក៏ត្រូវបរាជ័យទាំងស្រុង។
នៅពេលដកខ្លួនចេញពីធ្យូងថ្ម ប្រទេសជប៉ុន មានបំណងផ្តោតលើប្រភពថាមពលកកើតឡើងវិញដូចជាខ្យល់ជាដើម៕