រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​បញ្ចប់​ការ​ជំនួយ​គាំទ្រ​គម្រោង​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​បរទេស

ដោយៈ​សុខុម

តូ​ក្យូៈ  ពេលនេះ​រដ្ឋាភិបាល​ជប៉ុន កំពុង​ពិចារណា​បញ្ចប់​ការជួយ​គាំទ្រ ដល់​ការនាំចេញ​ឧបករណ៍​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ទាំងអស់​នៅ​បរទេស ដើម្បី​គោរព​តាម​ការដឹកនាំ​របស់​ស​ហ​រដ្ឋ​អាមេរិក និង​អឺរ៉ុប ក្នុង​សកម្មភាព​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចូលទៅក្នុង​បរិយាកាស។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជប៉ុន Nikkei ចុះផ្សាយ​កាលពី​ថ្ងៃទី២៩ មីនា។

នេះ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដ៏​គួរឱ្យភ្ញាក់ផ្អើល សម្រាប់​រដ្ឋាភិបាល​ក្រុង​តូ  ក្យូ ដែល​កន្លងមក​បានកំណត់​យក រោងចក្រ​ថាមពល​ធ្វើជា​សសរស្តម្ភ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​ជំរុញ​ការនាំចេញ​ហេដ្ឋារចនាសម្ព័ន្ធ។

ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​ទម្លាយ​ឱ្យដឹងថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga គ្រោង​នឹង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ចូលទៅក្នុង​បរិយាកាស​ក្នុងជំនួប​លើកដំបូង របស់លោក​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន នៅ​ដើមខែ​ក្រោយ។ ក្រុម​មេដឹកនាំ​ជប៉ុន​គ្រោង​នឹង​ប្រកាស​គំនិត​ផ្តួចផ្តើម​របស់ខ្លួន​នៅក្នុង “កិច្ចប្រជុំ​កំពូល​ស្តីពី​ប​ម្រួ​ប​ម្រួ​ល​អាកាសធាតុ” (Climate Change Summit) ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃទី២២ មេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​ជប៉ុន ជួយ​គាំទ្រ​ដល់​គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​នៅ​បរទេស តាមរយៈ​ប្រាក់កម្ចី​ពី​ធនាគារ​ជប៉ុន ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (Japan Bank for International Cooperation) លុះត្រាតែ​គម្រោង​នោះ​បំពេញ​គ្រប់​លក្ខខណ្ឌ​តម្រូវ​ប៉ុណ្ណោះ​ដូច​ចា គម្រោង​នោះ​ប្រើ​ឧបករណ៍​ទំនើប ដែល​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​កម្រិត​ទាប​ជាង​រោងចក្រ​ធម្មតា ហើយ​ប្រទេស​ដែល​ទទួលយក​គម្រោង​រោងចក្រ​នោះ ក៏ត្រូវ​អនុវត្ត​គោលនយោបាយ កាត់បន្ថយ​ឧស្ម័ន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផងដែរ។

បណ្ដា​ក្រុមហ៊ុន​ជប៉ុន រួមទាំង​ក្រុមហ៊ុន Mitsubishi Corp ផង​បាន​ចុះ​កិច្ចព្រមព្រៀង​បែបនេះ​រួចមកហើយ ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឥណ្ឌូនេស៊ី។

ជាធម្មតា រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​មួយ​អាច​ដំណើរការបាន​រហូតដល់​ទៅ​កន្លះ​សតវត្សរ៍។  ប្រទេស​ជប៉ុន​បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​សហគមន៍​អន្តរជាតិ ចំពោះ​ការនាំចេញ​របស់ខ្លួន​នៅក្នុង​វិស័យនេះ ដោយ​យល់ឃើញថា រោងចក្រ​ថាមពល​អគ្គិសនី​ទាំងនោះ បាន​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​រយៈពេល​វែង។

ប្រការនេះ​បាន​ជំ​រុញឱ្យ​ប្រទេស​ជប៉ុន ដាក់ចេញ​នូវ​លក្ខខណ្ឌ​បច្ចុប្បន្ន សម្រាប់​ការនាំចេញ​ឧបករណ៍​ដំឡើង រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​កាលពី​ខែកក្កដា ឆ្នាំ២០២០ ។

សម្ពាធ​លើ​ប្រទេស​ជប៉ុន​បាន​កើនឡើង ក្រោយ​ការចូល​កាន់តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក របស់លោក​ចូ បៃ​ឌិន ដែល​បានកំណត់​យក​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ធ្វើជា​គោលនយោបាយ​អាទិភាព​កំពូល។

លោក John Kerry អតីតរដ្ឋមន្ត្រី​ការបរទេស និង​ជា​ប្រេសិត​ពិសេស​តំណាង​លោក ចូ បៃ​ឌិន បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​ជប៉ុន លោក Shinjiro Koizumi បញ្ឈប់​ការជួយ​គាំទ្រ​របស់​រដ្ឋាភិបាល ដល់​គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដើរ​ធ្យូងថ្ម​នៅ​បរទេស។

លោក Boris Johnson នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូលG7 (ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧) នៅ​ខែមិថុនា ខាងមុខនេះ ក៏បាន​ជំរុញ​ឱ្យ​បរទេស​ជប៉ុន បញ្ចប់​ការជួយ​គាំទ្រ​បែបនេះ​ដែរ។

ប្រទេស​ជប៉ុន នឹងត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ នូវ​យុទ្ធសាស្ត្រ​ហេដ្ឋារចនាសម្ព័ន្ធ​នាំចេញ ដែល​ផ្តោតលើ​រោងចក្រ​ថាមពល​អគ្គិសនី។ ការចរចារ​ដើម្បី​នាំចេញ​ឧបករណ៍​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​នុយក្លេអ៊ែរ​ទៅកាន់​ប្រទេស​មួយចំនួន ដូចជា​តួ​ក​គី និង​សហរដ្ឋអាមេរិក ជាដើម​ក៏ត្រូវ​បរាជ័យ​ទាំងស្រុង។

នៅពេល​ដកខ្លួន​ចេញពី​ធ្យូងថ្ម ប្រទេស​ជប៉ុន មានបំណង​ផ្តោតលើ​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដូចជា​ខ្យល់​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here