ដោយៈ សាវុធ
ភ្នំពេញៈ ពិតណាស់បើអ្នកពិតជាមានឆន្ទៈប្រាកដមែន ដូច្នេះសូមកុំឲលុយក្លាយជាឧបសគ្គរារាំងអ្នកពីការបង្កើតមុខរបរអី។ អ្នកត្រូវមានភាពឆ្នៃប្រឌិតនិងបង្កើតថ្មី មានសហគ្រិនជាច្រើនដែលបង្កើតមុខរបរពីដៃទទេរ ដូចនេះអ្នកក៏អាចធ្វើបានដូចគ្នា។
គំនិតខាងក្រោមនេះ សង្ឃឹមថាអាចជួយបំភ្លឺផ្លូវអ្នកបាន ប៉ុន្តែសូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ មុនរើសមុខរបរណាមួយ។
ទី១) ចាប់ផ្តើមអាជីវកម្មសេវាកម្ម
ប្រសិនបើអ្នកមិនមានដើមទុន ចាប់ផ្តើមអាជីវកម្មទេ សេវាកម្មអាជីវកម្មមានភាពល្អឥតខ្ចោះ ព្រោះវាតម្រូវឲអ្នកលក់សេវាកម្មតែប៉ុណ្ណោះ ក្រោយមកអ្នកអាចពង្រីកវាជាបន្ដបន្ទាប់បាន។ អាជីវកម្មសេវាកម្មដែលពេញនិយមនៅកម្ពុជា មានដូចជា ភ្នាក់ងារអចលនវត្ថុ សេវាជួសជុលមាស៊ីនត្រជាក់តាមផ្ទះ សេវាកម្មសំអាតផ្ទះ ឬ ជួសជុលទូរសព្ទឬទូរទស្សន៏ ជួសជុលបរិក្ខារបន្ទប់ទឹកនិងបោកគក់ជាដើម។
ទី២) ចាប់ផ្តើមធម្មតាឬតូចតាចសិន
ក្តីសុបិន្តរបស់អ្នករកស៊ីគ្រប់រូប គឺអាចបង្កើតមុខជំនួញដ៏ធំមួយ ដែលអាចផ្គត់ផ្គង់សេវាកម្មនិងផលិតផលគ្រប់គ្រាន់។ យ៉ាងណាមិញអ្នក មិនអាចលោភលន់ស្រវាអោបភ្នំ ពេលដែលដើមទុនខ្សត់ខ្សោយនោះទេ ចាំបាច់ត្រូវតែធ្វើពីរឿងតូចតាចសិន។ ពេលដែលអ្នកប្រមូលបានអតិថិជន និងចំណូលគ្រប់គ្រាន់ សម្រាប់ឈានមួយជំហានទៀត សឹមពង្រីកសាខាឬចែកចាយបន្ដ។
ជាក់ស្ដែង ដូចជា អ្នកលក់ផលិតផលគ្រឿងសម្អាងតាមអនឡាញ ដំបូងពួកគាត់គ្រាន់តែបង្ហោះលក់ធម្មតា ក្រោយមកពេលដែលមានគាំទ្រច្រើន គាត់ក៏ចាប់ផ្ដើមបើកហាងនិងដេប៉ូចែកចាយនានា។ អ្វីដែលសំខាន់ក្នុងការចាប់ផ្ដើមជំនួញ គឺដើរម្ដងមួយជំហាន ផ្ដល់សេវាកម្មនិងគុណភាពល្អ សម្រាប់ប្រមូលទំនុកចិត្តអតិថិជន ក្រោយមកអ្វីៗនឹងដំណើរការរលូន។
ទី៣) រៀនសូត្រពីអ្នកដទៃ
អ្នកមិនអាចក្លាយជាសហគ្រិនជោគជ័យម្នាក់ ដោយគ្មានបទពិសោធន៍ ឬធ្លាប់ប្រឡូកក្នុងសង្គមនោះទេ។ មុនពេលអ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកគួរធ្វើកម្មសិក្សាជាមួយនរណាម្នាក់ ដែលពាក់ពន្ធ័នឹងអាជីវកម្មនោះជាមុនសិន។ ឧទាហរណ៍ ចូលរួមសិក្ខាសាលា ស្ដាប់ការចែករំលែករបស់វាគ្មិន ដែលមានបទពិសោធន៍ ដើម្បីយកមកអនុវត្តន៏និងធ្វើជាមេរៀន មុនចាប់ផ្ដើមអាជីវកម្ម នោះអ្នកប្រាកដជាមានចំណេះដឹងច្រើន
ពីអ្វីខាតឬចំណេញ អ្វីដែលគួរធ្វើ អ្វីដែលជាហានិភយ័ដល់មុខជំនួញរបស់អ្នក។
មេរៀនទាំងនោះ អាចធ្វើឲ្យអ្នកមើលឃើញពីចំណុចខ្វះខាត និងបំពេញតម្រូវការដែលអតិថិជនចង់បាន៕ Spean៕