ដោយៈ រ៉ាណេត
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើសុំទុនពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៣០លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនចង្វាក់ផលិត និងរក្សាសមត្ថភាពប្រកួតប្រជែង ក្នុងវិស័យកសិឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីទុន៥០លានដុល្លារដំបូងរបស់រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅត្រូវបានប្រើអស់។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម លោកកៅ ថាចបានមានប្រសាសន៍នៅល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការស្នើសុំទុនបន្ថែមនេះ គឺដើម្បីផ្ដល់ឥណទាន ក្នុងអត្រាការប្រាក់ទាបជូនដល់ប្រជាកសិករ ក៏ដូចជាចូលរួមចំណែកជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្ត ឱ្យបង្កើនការផលិតកសិផលក្នុងស្រុក ក្នុងការធានាសន្តិសុខស្បៀង ជាពិសេសបង្កើនសមត្ថភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
លោកបន្តថា “ជាមួយនឹងការស្នើសុំនេះ គឺនៅរង់ចាំតែការសម្រេចពីរារដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈបច្ចុប្បន្នប្រជាកសិករ បានស្នើសុំកម្ចីឥណទានជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពដាំដុះដំណាំកសិកម្ម ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្មជាដើម” ។ លោក បញ្ជាក់ថា «កន្លងមកយើងបានដាក់ស្នើសុំហើយ តែរង់ចាំការសម្រេចបន្ថែមទៀត គឺយើងស្នើសុំទៅលើការផ្ដល់ឥណទាន ទៅលើបងប្អូនដាំដុះបន្លែផ្លែឈើ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដែលយើងបានដាក់ស្នើសុំ៣០លានដុល្លារបន្ថែមទៀត ព្រោះមានតម្រូវការកាន់តែច្រើនទៅៗសម្រាប់ផ្នែកតូច នេះគឺជាអ្វីដែលបានស្នើសុំ ហើយយើងកំពុងតែបន្តនិតិវិធីបន្តបន្ទាប់ ក្នុងការស្នើសុំទៅរាជរដ្ឋាភិបាល” ។
លោកកៅ ថាចបានលើកទឹកចិត្តដល់កសិករ ដែលត្រូវការដើមទុនបន្ថែម សូមទំនាក់ទំនងមកធនាគារ ARDB ដើម្បីទទួលបានឥណទាន ធ្វើការពង្រីកការដាំដុះ និងពង្រីកអាជីវកម្មរបស់ខ្លួន។
កាលពីក្នុងដំណាក់កាលជំងឺកូវីដ-១៩ រីករាលដាលដំបូង រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកា៥០លានដុល្លារ ជួយលើវិស័យចំនួន៤ គឺវិស័យការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយឱ្យប្រជាកសិករនិងអ្នកវិនិយោគកាន់តែមានទំនុកចិត្ត នៅក្នុងការធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា ឱ្យមានសន្ទុះកាន់តែខ្លាំងឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុកនិងជំរុញការនាំចេញ៕