ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល ៣០លាន​ដុល្លារបន្ថែមទៀត

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានស្នើ​សុំ​ទុន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន៣០លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​បង្កើន​ចង្វាក់​ផលិត និង​រក្សា​សមត្ថភាព​ប្រកួតប្រជែង ក្នុង​វិស័យ​កសិឧស្សាហកម្ម នៅក្នុង​ប្រទេស​កម្ពុជា​ប​ន្ទា​ប់​ពី​ទុន៥០លាន​ដុល្លារ​ដំបូង​របស់​រាជរដ្ឋាភិបាល​កាលពីពេល​កន្លងទៅ​ត្រូវបាន​ប្រើ​អស់។

ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម លោក​កៅ ថាច​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ការស្នើសុំ​ទុន​បន្ថែម​នេះ គឺ​ដើម្បី​ផ្ដល់​ឥណទាន ក្នុង​អត្រា​ការប្រាក់​ទាប​ជូន​ដល់​ប្រជាកសិករ ក៏ដូចជា​ចូលរួមចំណែក​ជាមួយ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​និង​លើកទឹកចិត្ត ឱ្យ​បង្កើន​ការផលិត​កសិផល​ក្នុងស្រុក ក្នុង​ការធានា​សន្តិសុខ​ស្បៀង ជាពិសេស​បង្កើន​សមត្ថ​ភាព​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ។

លោក​បន្តថា “ជាមួយនឹង​ការស្នើសុំ​នេះ គឺ​នៅ​រង់ចាំតែ​ការសម្រេច​ពី​រា​រដ្ឋាភិបាល​តែប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ប្រជាកសិករ បានស្នើ​សុំ​កម្ចី​ឥណទាន​ជា​បន្តបន្ទាប់ ដើម្បី​បង្កើន​សមត្ថភាព​ដាំ​ដុះ​ដំណាំ​កសិកម្ម ការចិញ្ចឹម​សត្វ ការធ្វើ​វារីវប្បកម្ម​ជាដើម” ។ លោក បញ្ជាក់ថា «កន្លងមក​យើង​បានដាក់​ស្នើសុំ​ហើយ តែ​រង់ចាំ​ការសម្រេច​បន្ថែមទៀត គឺ​យើង​ស្នើសុំ​ទៅលើ​ការផ្ដល់​ឥណទាន ទៅលើ​បងប្អូន​ដាំ​ដុះ​បន្លែ​ផ្លែឈើ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដែល​យើង​បានដាក់​ស្នើសុំ៣០លាន​ដុល្លារ​បន្ថែមទៀត ព្រោះ​មាន​តម្រូវការ​កាន់តែច្រើនទៅៗសម្រាប់​ផ្នែក​តូច នេះ​គឺជា​អ្វីដែល​បានស្នើ​សុំ ហើយ​យើង​កំពុងតែបន្ត​និតិ​វិធី​បន្តបន្ទាប់ ក្នុងការ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​កៅ ថាច​បាន​លើកទឹកចិត្ត​ដល់​កសិករ ដែល​ត្រូវការ​ដើមទុន​បន្ថែម សូម​ទំនាក់ទំនង​មក​ធនាគារ ARDB ដើម្បី​ទទួលបាន​ឥណទាន ធ្វើការ​ពង្រីក​ការដាំដុះ និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន។

កាលពី​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ-១៩ រីក​រាលដាល​ដំបូង រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់​ថវិកា៥០លាន​ដុល្លារ ជួយ​លើ​វិស័យ​ចំនួន៤ គឺ​វិស័យ​ការដាំដុះ​បន្លែ-ផ្លែឈើ ការចិញ្ចឹម​សត្វ ការធ្វើ​វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ជួយ​ឱ្យ​ប្រជាកសិករ​និង​អ្នកវិនិយោគ​កាន់​តែមាន​ទំនុកចិត្ត នៅក្នុង​ការធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុ​ជា ឱ្យមាន​សន្ទុះ​កាន់តែខ្លាំង​ឡើង ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​និង​ជំរុញ​ការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here