ដោយ: គង់ សិរីម៉ាលីនណា
ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តន៍គម្រោងស្តារ និងពង្រឹងជីវភាព ដែលគាំទ្រផ្ទាល់ដល់ជនរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ១៩ ដើម្បីជួយស្តារជីវភាព និងពង្រឹងភាពធន់ទៅនឹងវិបត្តិនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO បានឱ្យដឹងថា គម្រោងនេះ ផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណជិត ០១ម៉ឺននាក់ ដែលជាក្រុមងាយរងគ្រោះបំផុត និងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ នៅខេត្តសៀមរាប និងបន្ទាយមានជ័យ។ គម្រោងនេះ នឹងអនុវត្តក្នុងរយះពេល២០ខែ ក្រោមជំនួយរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ(SDC) ។
គម្រោងនេះមានគោលដៅ ដើម្បីជួយដល់ក្រុមរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺរាតត្បាតកូវិដ១៩ រួមមាន៖គ្រួសារក្រីក្រ និងងាយរងគ្រោះ កសិករខ្នាតតូច ពលករចំណាកស្រុកដែលបានត្រឡប់មកប្រទេសវិញ និងកម្មករដែលបានបាត់បង់ការងារ។
រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថា វិស័យកសិកម្ម ជាវិស័យដែលមានភាពធន់ជងគេ ក្នុងអំឡុងវិបត្តិនៃការរាតត្បាតនៃជំងឺកូវី១៩ និងបានខិតខំយកចិត្តទុកដាក់ប្រែក្លាយវិបត្តិនេះ ទៅជាឱកាសសំដៅកែលម្អវិស័យកសិកម្ម ដើម្បីជំរុញផលិតផលកសិកម្មដែលអាចបំពេញតម្រូវការក្នុងស្រុក ប្រកបដោយគុណភាព ជំនួសឱ្យការនាំចូលហើយក៏បានចាត់ទុកថា វិស័យយុទ្ធសាស្ត្រសម្រាប់ការស្តារជីវភាព រស់នៅរបស់គ្រួសារដែលងាយរងគ្រោះផងដែរ។
លោកស្រី វុទ្ធី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការជួយតាមរយះគម្រោងខាងលើនេះ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ និងកិច្ចសហការផ្សេងៗទៀត នឹងធ្វើឱ្យកម្ពុជាអាចប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ឱ្យទៅជាឱកាសសម្រាប់បង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់ការផលិតប្រកបដោយសុវត្ថិភាព និងគុណភាពដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។
ជាមួយគ្នានេះ លោក Alexandre Huynh តំណាងអង្គការ FAO បានពន្យល់ថា នេះគឺជាគម្រោងស្តារឡើងវិញ ប្រកបដោយបរិយាប័ន ដែលផ្តោតលើអន្តរាគមន៍ចម្រុះ ដូចជាការលើកកម្ពស់កសិកម្ម ដែលគិតគូរពីអាហារូបត្ថម្ភ ដោយផ្តោតសំខាន់លើការប្រើប្រាស់វិធីសាស្ដ្រអាហារជាចំបង ដើម្បីធានាបាននូវការផលិត និងការបរិភោគអាហារដែលសម្បូរជីវជាតិ។ ដូច្នេះគម្រោងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធខ្សែច្រវាក់តម្លៃ ដោយផ្សារភ្ជាប់កសិករទៅទីផ្សារក្នុងស្រុក ខណៈលើកកម្ពស់ការយល់ដឹងជាទូទៅ អំពីគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មក្នុងស្រុកផងដែរ៕