រដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​នឹង​ចុះហត្ថលេខា​រួមគ្នា ដើម្បី​ជួយ​ដល់​ជនងាយ​រងគ្រោះ​ពី​វិបត្តិ​កូ​វីដ១៩

ដោយ: គង់ សិរី​ម៉ា​លីន​ណា

ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អនុវត្តន៍​គម្រោង​ស្តារ និង​ពង្រឹង​ជីវភាព ដែល​គាំទ្រ​ផ្ទាល់​ដល់​ជន​រង​ផលប៉ះពាល់​ខ្លាំង​ពី​ជំងឺ​កូ​វីដ១៩ ដើម្បី​ជួយ​ស្តារ​ជីវភាព និង​ពង្រឹង​ភាព​ធន់​ទៅនឹង​វិបត្តិ​នេះ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ FAO បានឱ្យដឹងថា គម្រោង​នេះ ផ្តល់​ការគាំទ្រ​ដល់​អ្នកទទួលផល​ប្រមាណ​ជិត ០១ម៉ឺន​នាក់ ដែលជា​ក្រុម​ងាយ​រងគ្រោះ​បំផុត និង​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩ នៅ​ខេត្តសៀមរាប និង​បន្ទាយមានជ័យ។ គម្រោង​នេះ នឹង​អនុវត្ត​ក្នុង​រយះពេល២០ខែ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ(SDC) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​នេះ​មាន​គោលដៅ ដើម្បី​ជួយ​ដល់​ក្រុម​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ជំងឺ​រាតត្បាត​កូ​វិដ១៩ រួមមាន៖គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កសិករ​ខ្នាតតូច ពលករ​ចំណាកស្រុក​ដែល​បាន​ត្រឡប់មក​ប្រទេស​វិញ និង​កម្មករ​ដែល​បាន​បាត់បង់​ការងារ។

រដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់ថា វិស័យ​កសិកម្ម ជា​វិស័យ​ដែលមាន​ភាព​ធន់​ជង​គេ ក្នុងអំឡុង​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី១៩ និង​បាន​ខិតខំ​យកចិត្តទុកដាក់​ប្រែក្លាយ​វិបត្តិ​នេះ ទៅជា​ឱកាស​សំដៅ​កែលម្អ​វិស័យ​កសិកម្ម ដើម្បី​ជំរុញ​ផលិតផល​កសិកម្ម​ដែល​អាចបំពេញ​តម្រូវកា​រ​ក្នុងស្រុក ប្រកបដោយ​គុណភាព ជំនួស​ឱ្យ​ការ​នាំចូល​ហើយក៏​បានចាត់ទុក​ថា វិស័យ​យុទ្ធសាស្ត្រ​សម្រាប់​ការស្តារ​ជីវភាព រស់នៅ​របស់​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ផងដែរ។

លោកស្រី វុទ្ធី អគ្គលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ការជួយ​តាមរយះ​គម្រោង​ខាងលើនេះ រួមជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែលមាន​ស្រាប់ និង​កិច្ចសហការផ្សេងៗទៀត នឹង​ធ្វើឱ្យ​កម្ពុជា​អាច​ប្រែក្លាយ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ឱ្យទៅជា​ឱកាស​សម្រាប់​បង្កើន​ផលិតភាព​កសិកម្ម និង​លើកកម្ពស់​ការផលិត​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល។

ជាមួយគ្នានេះ លោក Alexandre Huynh តំណាង​អង្គការ FAO បាន​ពន្យល់ថា នេះ​គឺជា​គម្រោង​ស្តារឡើងវិញ ប្រកបដោយ​បរិ​យា​ប័ន ដែល​ផ្តោតលើ​អន្តរាគមន៍​ចម្រុះ ដូចជា​ការលើកកម្ពស់​កសិកម្ម ដែល​គិតគូរ​ពី​អាហារូបត្ថម្ភ ដោយ​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​វិធីសាស្ដ្រ​អាហារ​ជា​ចំបង ដើម្បី​ធានាបាន​នូវ​ការផលិត និង​ការបរិភោគ​អាហារ​ដែល​សម្បូរ​ជីវជាតិ។ ដូច្នេះ​គម្រោង​នេះ ក៏​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូ​វប្រ​ព័ន្ធខ្សែ​ច្រវាក់​តម្លៃ ដោយ​ផ្សារភ្ជាប់​កសិករ​ទៅ​ទីផ្សារ​ក្នុងស្រុក ខណៈ​លើកកម្ពស់​ការយល់ដឹង​ជាទូទៅ អំពី​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម​ក្នុងស្រុក​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here