ដោយ៖ សាវុធ
ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា បានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ភាពជាដៃគូ ដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ នឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។
ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសមសម្រាប់ពួកគេបំផុត របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា តាមរយៈបណ្ដាញ និងសាខាយ៉ាងទូលំទូលាយរបស់ ធនាគារ ភីភីស៊ីប៊ែង។
នាយកប្រតិបត្តិ ធនាគារ ភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា ធនាគារ ភីភីស៊ីប៊ែង តែងតែមានទំនុកចិត្តលើកិច្ចសហប្រតិបត្កិការ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលត្រឹមត្រូវអាចជួយឲ្យយើងនាំយកផលិតផលពិសេសៗ និងផ្ដល់ជូននូវសេវាកម្មកាន់តែប្រសើរ សម្រាប់អតិថិជនរបស់យើង។
លោកបានថ្លែងទៀតថា ចាប់ពីថ្ងៃនេះតទៅ តាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា យើងនឹងអាចជួយគាំទ្រអតិថិជនរបស់យើង ដោយបំពេញទាំងតម្រូវការការពារ និងតម្រូវការសន្សំ ដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលយូរអង្វែង។
លោក Sanjay Chakrabarty នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍ថា នៅក្រុមហ៊ុន ព្រូដិនសល កម្ពុជា គោលបំណងរបស់យើង គឺជួយប្រជាពលរដ្ឋគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ។
ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានអនុម័តផ្ដល់ប្រាក់សំណងសរុបចំនួន ១១,១ លានដុល្លារ និងបានផ្ដល់ការការពារហិរញ្ញវត្ថុជូនម្ចាស់បណ្ណសន្យារ៉ាប់រងចំនួនជាង ២៥ម៉ឺននាក់ (គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)។ ការផ្ដល់ប្រាក់សំណងទាំងអស់នេះបានជួយដល់ក្រុមគ្រួសារកម្ពុជា ក្នុងការស្តារស្ថានភាពគ្រួសាររបស់ពួកគេ បន្ទាប់ពីមានហេតុការណ៍អកុសលបានកើតឡើង។
លោកបានបន្តទៀត ជំងឺរាតត្បាតជាសកលកូវីដ-១៩ កំពុងបន្តកើតឡើង ខណៈដែលអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះគោលបំណងរបស់យើងគឺកាន់តែចាំបាច់ និងបន្ទាន់ជាងពេលណាៗ ទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា ក្នុងនាមជាអ្នកការពារផ្នែកសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន ធនាគារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការណែនាំដល់អតិថិជនអំពីការការពារ និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងមានសេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ ភីភីស៊ីប៊ែង ហើយយើងទន្ទឹងរង់ចាំជួយការពារសុខភាព និងទ្រព្យសម្បត្តិរបស់អតិថិជនពួកគេផងដែរ៕